សេចក្តីជូនដំណឹងស្ដីពីការកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន

ចែករំលែក៖

ភ្នំពេញ : គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ « គ.ជ.ក.ប. “ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យ ចាត់ចែងផ្សាយពាណិជ្ជកម្ម ជ្រាបថា៖ កន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការនៃ គ.ជ.ក.ប. បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយទុក រយៈពេល ៣០(សាមសិប)ថ្ងៃ (ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២) ដើម្បីកែតម្រូវ សកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ បន្ទាប់មកនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គ.ជ.ក.ប. ក៏បានអញ្ជើញបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែង ផ្សាយពាណិជ្ជកម្ម នៃក្រុមហ៊ុនមួយចំនួន មកបំភ្លឺនៅចំពោះមុខ គ.ជ.ក.ប. នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ រហូត មកដល់ពេលនេះ គ.ជ.ក.ប. តាមរយៈ អគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ បានសង្កេតឃើញថា បុគ្គលផ្សាយ ពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មមួយចំនួន នៅតែមិនទាន់អនុវត្តតាមខ្លឹមសារនៃ សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. និងស្មារតីនៃកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅឡើយ។ បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម នៅតែបន្តសកម្មភាពល្មើស ផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ខ្លួនតាមគ្រប់ប្រភេទ ទម្រង់ និងគ្រប់មធ្យោបាយ មានលក្ខណៈភូតកុហក បំភាន់ការពិត អាចធ្វើឱ្យ អ្នកប្រើប្រាស់មានការយល់ច្រឡំអំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង ប្រកបដោយសុចរិត និងកាត់បន្ថយប្រសិទ្ធភាពសេដ្ឋកិច្ចដែលត្រូវបានហាមឃាត់ដោយច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ជាពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

ដើម្បីទប់ស្កាត់នូវសកម្មភាពប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងលើកទឹកចិត្តដល់

ការធ្វើធុរកិច្ចប្រកបដោយសុចរិត ជំរុញការប្រកួតប្រជែងប្រកបដោយសមធម៌ និងធានាការពារផលប្រយោជន៍

អ្នកប្រើប្រាស់ គ.ជ.ក.បសូមក្រើនរំលឹកដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ឈរលើមូលដ្ឋាននេះ គ.ជ.ក.ប. ស្នើឱ្យ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីផ្ដល់ឯកសារពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ និងកែតម្រូវសកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យស្របតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិក្នុងរយៈពេល ៣(បី)ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។

ក្នុងករណីរកឃើញថា បុគ្គលណាមួយនៅតែប្រព្រឹត្តល្មើស ហើយមិនបានអនុវត្តតាមការណែនាំខាងលើ គ.ជ.ក.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ សង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍អ្នក ប្រើប្រាស់និងសង្គមជាតិទាំងមូល៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print