ក្លិប Monza បានប្រកាសកាលពីថ្ងៃអាទិត្យថា កីឡាករបាល់ទាត់នៅក្របខ័ណ្ឌ Serie A កីឡាករ Pablo Mari ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីគាត់ត្រូវបានជនសង្ស័យចាក់ក្នុងការវាយប្រហារមួយនៅក្នុងផ្សារទំនើបក្នុងប្រទេសអ៊ីតាលីមួយកាលពីដើមសប្តាហ៍នេះ។
Mari ប្រឈមមុខនឹងការមិនបានបង្ហាញខ្លួនក្នុងការប្រកួតយ៉ាងហោចណាស់២ខែបន្ទាប់ពីការវះកាត់កាលពីថ្ងៃសុក្រសម្រាប់របួសស្នាមដែលការ វាយ ប្រហារ នេះ បាន ធ្វើ ឱ្យ មនុស្ស ម្នាក់ ស្លាប់ និង ជា ច្រើន នាក់ ទៀត រង របួស។
មន្ត្រីនៃមន្ទីរពេទ្យ Niguarda ក្នុងទីក្រុង Milan បាននិយាយថា ក្រុមគ្រូពេទ្យរបស់ខ្លួនបានពិនិត្យឡើងវិញនូវសាច់ដុំ២នៅក្នុងខ្លួនខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញវ័យ២៩ឆ្នាំរូបនេះដែលកំពុងខ្ចីជើងនៅ Monza ពីក្លិបកាំភ្លើងធំ Arsenal ក្នុងក្របខ័ណ្ឌPremier League ។
ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Pablo Mari ត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យបានត្រលប់មកផ្ទះវិញ ហើយឥឡូវនេះចាប់ផ្តើមសម្រាកទាំងស្រុង។ Pablo យើងកំពុងរង់ចាំអ្នក!”។
Monza បានស្នើសុំឱ្យលីកបាល់ទាត់អ៊ីតាលីពន្យារពេលការប្រកួតក្នុងផ្ទះរបស់ពួកគេជាមួយនឹងក្រុម Bologna នៅថ្ងៃចន្ទ ដោយនិយាយថា ក្រុមស្ថិតក្នុង “ស្ថានភាពតក់ស្លុត” ប៉ុន្តែការប្រកួតនឹងដំណើរការទៅមុខ។
បច្ចុប្បន្នក្រុម Monza ដែលជាកម្មសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រីលោក Silvio Berlusconi កំពុងស្ថិតនៅលេខរៀងទី១៥ក្នុងលីកកំពូលអ៊ីតាលីក្នុងចំណោមក្រុមទាំង២០ ៕ (រូបភាព ៖ Reuters/CNA)