សម្តេចតេជោបញ្ជាក់ថា កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យទៅបាន គឺដោយសារតែកត្តាសុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា បច្ចុប្បន្ននេះកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ សិស្សនិស្សិតមានការងារ និងខ្លះបង្កើតអាជីវកម្មផ្ទាល់ ដែលបានជំរុញឲ្យប្រទេសបន្តការអភិវឌ្ឍទៅមុខ។ សម្ដេចបន្ថែមថា យុវជនកម្ពុជានៅពេលនេះគឺមានឱកាសល្អប្រសើរយ៉ាងខ្លាំង ដែលអាចសិក្សាបានដោយគ្មានការភ័យព្រួយពីគ្រាប់បែក គ្រាប់ផ្លោងដូចកាលពីអំឡុងឆ្នាំ១៩៧០។ សម្ដេចសង្កត់ធ្ងន់ថា ភាពសុខសប្បាយ និងឱកាស ដែលកំពុងតែកើតមាននេះ គឺបានមកពីកត្តាសុខសន្ដិភាព។

នៅចំពោះមុខនិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាង ៦ពាន់ នាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា គុណភាពអប់រំនៅថ្នាក់ឧត្ដមសិក្សា ត្រូវតែបន្តពង្រឹងបន្ថែមទៀត ដើម្បីឲ្យគុណភាពដើរទន្ទឹមគ្នាជាមួយនិងថ្នាក់ចំណេះទូទៅ។ ជាងនេះសម្ដេចក៏សម្ដែងក្ដីរីករាយផងដែរ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សាហើយមានការងារធ្វើ និងខ្លះបង្កើតការងារដោយខ្លួនឯង។

សម្ដេចតេជោ មានប្រសាសន៍ថា ក្នុងចំណោមនិស្សិត ៦៣០៧នាក់ មានអ្នកដែលមានការងារធ្វើចំនួន ៦ ១២៧នាក់ ស្មើ ៩៧,១៥ភាគរយ ក្នុងនោះថ្នាក់បរិញ្ញាបត្រមាន ៩៦,៣០ភាគរយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៩,៦០ភាករយ ហើយចូលធ្វើការងារក្នុងស្ថាប័នរដ្ឋ ២៩ភាគរយ អង្គការជាតិ ១ភាគរយ អង្គការអន្ដរជាតិ ០,៨០ភាគរយ វិស័យឯកជន ៥៧,៧០ ភាគរយ និងអាជីវកម្មផ្ទាល់ខ្លួន ៨,៦៥ ដែលមានចំនួន ៥៤៦នាក់។ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា អ្នកបើកអាជីវកម្មផ្ទាល់ខ្លួននេះជាចំណុចដែលគប្បីយកចិត្តទុកដាក់ ពីព្រោះវាជាការបង្កើតការងារផ្ទាល់ខ្លួនផង និងជួយផ្ដល់ការងារដល់អ្នកដទៃផង។

សម្ដេចតេជោ សង្កត់ធ្ងន់ថា ការអភិវឌ្ឍ ការទទួលបានប្រាក់ចំណូលតាមរយៈការងារ និងបើកអាជីវកម្មនានា មិនអាចធ្វើទៅបានទេ បើប្រទេសជាតិគ្មានសុខសន្ដិភាព នេះគឺជារឿងជាក់ស្ដែង ពីព្រោះគ្មានអ្នកណាទៅរៀននៅក្រោមគ្រាប់បែក គ្រាប់ផ្លោកនោះទេ។ សម្រាប់កម្ពុជា គិតពីឆ្នាំ១៩៧០ មកសាលារៀនមានសល់មិនប៉ុន្មានកន្លែងនោះទេ ហើយសាលារៀននោះទេសោតគឺស្ថិតក្រោមការគំរាមកំហែងជាមួយក្រាប់ផ្លោងគ្រប់ពេលវេលា។

សម្ដេចបន្ថែមថា ប្រទេសដែលកើតសង្រ្គាម គឺប្រាកដណាស់ ប្រទេសទាំងមិននោះអាចផ្ដល់ការសិក្សាដល់សិស្សនិស្សិតបានឡើយ ហើយបើអាចរៀនបានគឺរៀនទាំងភិតភ័យ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រោយឆ្នាំ១៩៧០ សាលារៀនដែលនៅសេសនៅតាមតំបន់រំដោះខ្លះ គឺសុទ្ធតែជីកលានដ្ឋាន ហើយចាប់ពីឆ្នាំ ១៩៧៩ ដល់ ១៩៩៣ តំបន់មួយចំនួនត្រូវរៀនដោយការគំរៀមកំហែង លោកគ្រូត្រូវការពារកូនសិស្សពីការស្លាប់ ឬរបួសនៅពេលមានគ្រោះថ្នាក់កើតឡើង ក៏ប៉ុន្ដែឥឡូវនេះយុវជនកម្ពុជា ពិតជាមានសំណាងដែលពួកគេមិនត្រូវទទួលរងផលវិបាកដោយសារសង្រ្គាមទៀតទេ។

សម្ដេចតេជោក៏រំលឹកដល់យុវជនមួយចំនួនតូចផងដែរ ដែលយកពេលវេលាដ៏មានតម្លៃនេះ ទៅធ្វើការប្រណាំងឡានម៉ូតូ មានការកាប់គ្នា ប៉ុន្ដែគឺមិនមានចំនួនច្រើននោះទេ បើប្រៀធៀបជាមួយយុវជនរាប់លាននាក់ដែលកំពុងសិក្សា សម្រាប់សម្ដេចសកម្មភាពមិនល្អរបស់យុវជនមួយចំនួនតូចនោះមិនគួរវាមានទេ។

...

សម្ដេចតេជោ ហ៊ុន សែន បន្តថា យុវជនគួរបន្តការអភិវឌ្ឍ ដើម្បីការរីកចម្រើនរបស់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ ដែលជាការរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍប្រទេសជាតិ នៅត្រង់នេះសម្ដេចបន្ថែមថា កុំនិយាយដល់ការអភិវឌ្ឍបើគ្មានសន្ដិភាព ហើយកុំនិយាយដល់ការអភិវឌ្ឍបើគ្មានធនធានមនុស្ស ព្រោះការអភិវឌ្ឍគឺទាមទារធនធានមនុស្ស ដែលចំណុចនេះ ក៏ជាការដាស់តើនសម្រាប់យើងក្នុងការវិនិយោគធនធានមនុស្ស៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print