ពលរដ្ឋប៉ាគីស្ថានរហូតដល់១២៥០នាក់បានបាត់បង់ជីវិតដោយសារតែរលកកម្តៅក្នុងរយៈពេល១០ថ្ងៃតែប៉ុណ្ណោះ ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវាស់ សារីហ្វ បានធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែការ៉ាជីកាលពីថ្ងៃទី១ ខែកក្កដា ដើម្បីពិនិត្យស្ថានការណ៍។
លោកសារីហ្វបានកោះប្រជុំមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធបញ្ហារលកកម្តៅនេះ ដែលចាប់ផ្តើមវាយប្រហារការ៉ាជីតាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ បណ្តាលឲ្យពលរដ្ឋរងគ្រោះជាង៦៥០០០នាក់ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ហើយក្នុងចំណោមជនរងគ្រោះទាំងនេះ ១២៥០នាក់បានបាត់បង់ជីវិត ។
នៅក្នុងអង្គប្រជុំ មន្ត្រីបានថ្លែងថា ជនរងគ្រោះភាគច្រើនជាអ្នកគ្មានលំនៅឋានស្នាក់នៅពិតប្រាកដ ជនអនាថា អ្នកសុំទាន ដែលសរសៃឈាមក្នុងខួរក្បាលរបស់ពួកគេបានដាច់ដោយសារតែអាកាសធាតុក្តៅហួតហែងខ្លាំងពេក។ ពលរដ្ឋរាប់រយនាក់ផ្សេងទៀតកំពុងស្ថិតក្រោមការព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនប្រមាណ៤កន្លែងនៅក្នុងតំបន់ ។
គណបក្សប្រឆាំងប៉ាគីស្ថានបានរិះគន់គណបក្សកាន់អំណាចថា មិនបានយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ទាន់ពេលវេលាទៅលើគ្រោះថ្នាក់បណ្តាលមកពីរលកកម្តៅនេះទើបជាហេតុនាំឲ្យពលរដ្ឋរងគ្រោះយ៉ាងច្រើនសន្ធឹកបែបនេះ។ ឧតុនិយមប៉ាគីស្ថានបានអះអាងថា ការគ្មានខ្យល់អាកាសនៅមាត់សមុទ្រជាមូលហេតុនាំឲ្យរលកកម្តៅកើនឡើងខ្ពស់គំរាមកំហែងពលរដ្ឋរស់នៅក្នុងទីប្រជុំជនដែលមានប្រមាណ២០នាក់នោះ។ ការដាច់ចរន្តអគ្គិសនី ការគ្មានភ្លើងប្រើប្រាស់គ្រប់គ្រានស្រាប់បើកម៉ាស៊ីនត្រជាក់ និងកង្ហានោះ ក៏ជាមូលហេតុនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតកើនឡើងផងដែរ ៕