ជប៉ុនបង្កើនការការពារសន្តិសុខសម្រាប់កិច្ចប្រជុំ​ G7

ចែករំលែក៖

កម្លាំងសន្តិសុខរាប់ពាន់នាក់បានធ្វើការហ្វឹកហាត់សម្រាប់ការពារសន្តិសុខនៅក្នុងកិច្ចប្រជុំប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទាំង​៧ «G7»  ដែលត្រូវធ្វើឡើងនៅថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងទីក្រុង ​Ise Shima ភាគកណ្តាលនៃប្រទេសជប៉ុន។

តាមកម្លាំងប៉ូលិសជប៉ុនបានឲ្យដឹងថា មានប៉ូលិសរហូតដល់ទៅ ៧ម៉ឺននាក់ បានដាក់ពង្រាយការពារសន្តិសុខនៅទីតាំងសំខាន់ៗ ដែលត្រូវរៀបចំកិច្ចប្រជុំកំពូលខាងលើ។ ប៉ូលិសរាប់ពាន់នាក់ក៏បានដាក់ពង្រាយនៅទីក្រុង ហីរ៉ូស៊ីម៉ា ជាទីតាំងដែលប្រធានាធិបតី អូបាម៉ា មានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅទីនោះនាថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ។ មន្ត្រីជប៉ុនបានឲ្យដឹងថា ក្រុមប៉ូលិសបានយាមល្បាតយ៉ាងតឹងតែងនៅដំបន់ខាងលើដោយខ្លាចមានពលរដ្ឋធ្វើបាតុកម្មប្រឆាំងលោក អូបាម៉ា ។

ជប៉ុនជាប្រទេសមានសន្តិសុខបំផុតនៅក្នុងតំបន់ ប៉ុន្តែជប៉ុនចាប់បាច់ត្រូវតែពង្រឹងការការពារសន្តិសុខជៀសវាងហេតុការអាក្រក់កើតឡើង ខណៈដែលក្រុមភេរវកម្មបានបង្កប់ខ្លួននៅជុំវិញពិភពលោករងចាំឱកាសវាយប្រហារទៅលើមេដឹកនាំសំខាន់ៗរបស់ពិភពលោក។

កន្លងមកមន្ត្រីហិរញ្ញវត្ថុនិងសន្តិសុខ G7 បានបញ្ចប់កិច្ចប្រជុំនក្នុង​ទីក្រុង ​សេនដាយ ប្រទេស​ជប៉ុន ដោយបាន​សន្យានិង​វិធានការ​មួយ​ចំនួន​ដែល G7 បាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម។ ការ​សន្យា និង​វិធានការ​ទាំង​នោះ​មានការ​ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​ភេរវនិយម ការ​បង្កើត​មូលនិធិ​ជំនួយ​សកល​សម្រាប់​ប្រឆាំង​នឹង​ជម្ងឺ​ឆ្លង ឬ​មួយ​ការ​មិន​លូកដៃ​នៅ​ក្នុង​នយោបាយ​អត្រា​ប្តូរប្រាក់​ជា​ដើម។ តែ​អ្វី​ដែល G7 មិន​អាច​លាក់​កំបាំង​ពី​ក្តី​បារម្ភ​របស់​ខ្លួនគឺ​ការ​ចាកចេញ​ជា​យថាហេតុ​របស់​ប្រទេស​អង់គ្លេស​ពី​សមាជិក​សហភាព​អឺរ៉ុប។

ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង៧ ក្នុង​លោក​ហៅ​កាត់​ថា G7 បាន​ព្រមាន​ទុក​ជា​មុន​ពី​ផលវិបាក​សេដ្ឋកិច្ច​ជា​យថាហេតុ​ក្នុង​ករណី​ណា​ដែល​ប្រទេស​អង់គ្លេស​ចាក​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប។ ផលវិបាក​សេដ្ឋកិច្ច​ដែល G7 យល់​ឃើញ​ថា មិន​មែន​កើត​មាន​តែ​លើ​ប្រទេស​អង់គ្លេស ឬ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​បង្ក​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ផុយស្រួយ​ស្រាប់​នា​ពេល​បច្ចុប្បន្ន។ សូម្បី​តែ​រូប​លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស George Osborne ដែល​មិន​ចង់​ឃើញ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ក៏​បាន​យល់​ស្រប​តាម G7 ដែរ។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ថ្ងៃ​ទី២៥ ខែឧសភា នេះ លោក George បាន​ព្រមាន​ថា នៅ​ក្នុង​ករណី​ដែល​អង់គ្លេស​ចេញ​ពី​អឺរ៉ុប អង់គ្លេស​ពិបាក​នឹង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ឬ​មួយ​ជាមួយ​នឹង​ប្រទេស​មិន​មែន​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ក្នុង​វិស័យ​ផ្សេងៗ ពិសេស​វិស័យ​ពាណិជ្ជកម្ម។ ចំណែក​សមភាគី​បារាំង​លោក Michel Sapin ក៏​បាន​ព្រមាន​ទុក​ជា​មុន​ថា ផលវិបាក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នឹង​ធ្លាក់​លើ​អង់គ្លេស​នៅ​ក្នុង​ករណី​ដែល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប។

យ៉ាង​ណា​ក៏​ដោយគេ​ត្រូវ​រង់ចាំ​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ក្នុង​ប្រទេស​អង់គ្លេស​នា​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦​ខាង​មុខ ​ទើប​ដឹង​ច្បាស់​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​អង់គ្លេស។ តែ​លទ្ធផល​ស្ទង់​មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា សម្លេង​ចង់​ទុក​អង់គ្លេស​ក្នុង​អឺរ៉ុប​កំពុង​មាន​ច្រើន​ជាង​សម្លេង​ចង់​ឲ្យ​ដក​អង់គ្លេស​ចេញ​ពី​អឺរ៉ុប។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ចេញ​ផ្សាយ​ថ្ងៃ​ទី២៤ ខែឧសភា នេះ G7 បាន​សន្យា​វាយប្រហារ​លើ​គ្រប់​បណ្តាញ​ហិរញ្ញវត្ថុ​របស់​គ្រប់​អង្គការ​ ភេរវនិយម ពិសេស​អង្គការ​រដ្ឋ​អ៊ីស្លាម និង​អង្គការ​អាល់កៃដា។ បណ្តាញ​ហិរញ្ញវត្ថុ​ដែល G7 យល់​ឃើញ​ថា ជា​អ្នក​ផ្គត់ផ្គង់​លុយកាក់ និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដល់​ពួក​ភេរវជន​ឲ្យ​បង្ក​ភេរវកម្ម ឬ​មួយ​ក៏​ចិញ្ចឹម​បណ្តាញ​របស់​ពួក​វា​ក្នុង​ការ​សាបព្រោះ​នូវ​មនោគមវិជ្ជា​ជ្រុលនិយម។

នៅ​ក្នុង​ន័យ​នេះ G7 បាន​ស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​និង​ប្រទេស​ដោយ​មាន​ជំនួយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ក្នុង​ការ​ផ្តោះប្តូរ​រាល់​ព័ត៌មានទាំង​ឡាយ​ដែល​ទាក់ទង​នឹង​ការ​ដោះដូរ និង​ការ​ផ្ទេរ​ទឹកប្រាក់​នៅ​តាម​បណ្តាញ​ធនាគារ។ កម្មវត្ថុ គឺ​ដើម្បី​ចង់​ដឹង​ពី​ប្រភព និង​គោលដៅ​នៃ​ការ​ដោះដូរ និង​ការ​ផ្ទេរ​លុយ​ទាំង​នោះ​ដោយ​ធ្វើ​យ៉ាង​ណាកុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​អង្គការ​ភេរវនិយម។

ទន្ទឹម​គ្នា​នេះ G7 ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​លើ​វិធានការ​ហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់​សព្វថ្ងៃ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់។ នៅ​ក្នុង​ន័យ​នេះ G7 បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទ័ណ្ឌកម្ម ឬ​មួយ​ក៏​ផ្អាប់​លុយ​នៅ​ក្នុង​គណនីយ​ណា​ដែល​ម្ចាស់​មិន​ព្រម​ប្រាប់​អត្តសញ្ញាណ​ពិតប្រាកដ។

និយាយ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​នៅ​ក្នុង​លោក​វិញ G7 បាន​គូសបញ្ចាក់​ពី​ភាព​ចាំ​បាច់​ដែល​ប្រទេស​នីមួយៗ​មិន​គួរ​លូក​ដៃ​ចូល​ អន្តរាគមន៍​នៅ​ក្នុង​ទីផ្សារ​ប្តូរប្រាក់ ពោល​រដ្ឋាភិបាល​មិន​ត្រូវ​ចេញ​មុខ​ជា​អ្នក​កំណត់​តម្លែ​អត្រាប្តូរ​ប្រាក់​របស់​ខ្លួន​ទេ។ G7 បាន​យល់​ឃើញ​ថា គេ​គួរ​តែ​ទុក​ឲ្យ​តម្លៃអត្រា​ប្តូរប្រាក់​ឡើងចុះ​ទៅ​តាម​ហាង​ឆេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ប្រតិកម្ម​របស់ G7 ដូច​នេះ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​ជប៉ុន​បាន​ចូល​អន្តរាគមន៍​ទម្លាក់​តម្លៃប្រាក់​យេន​ធៀប​នឹង​ដុល្លារ​ក្នុង​គោលដៅ​ជំរុញ​ការ​នំា​ចេញ​របស់​ខ្លួន៕

G7-Summit

nhatban-1464112082284

ប្រែសម្រួល៖ មែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print