ភ្នំពេញ៖ ទីបំផុតកីឡាករ អ៊ុំ ចំរើន មកពីតាឡីដំរីមានប្ញទ្ធិត្រូវឡើងប្រកួតប្រជែងជាមួយកីឡាករថៃឈ្មោះ Super Chhai ដើម្បី បានគ្រងតំណែងជើងឯកពានរង្វាន់ស៊ីម៉ងត៍អូដ្ឋវគ្គ៣ ខណៈដែលកីឡាករធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡាត្រូវប្រកួតជាមួយកីឡាករ Tahan Ek ដណ្តើមយកចំណាត់ ថ្នាក់លេខ៣ និង៤នាល្ងាចថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៦ នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍៥អារីណា ។
កំណត់ត្រាប្រកួតរបស់កីឡាករ អ៊ុំ ចំរើន ក្នុងកម្មវិធីប្រកួតជម្រុះសន្សំពិន្ទុក្នុងពូលឈានទៅដណ្តើមជើងឯកពានរង្វាន់ស៊ីម៉ងត៍អូដ្ឋវគ្គ៣ គឺធ្លាប់ឈ្នះ កីឡាករថៃ Tahan Ek ឈ្នះ ធា នុរាជ ឈ្នះ លួន សុខខេង និងប្រកួតចុងក្រោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវាយឲ្យកន ចន្ថា បោះបង់ការប្រកួតក្នុងទឹកទី៤កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៦។ ដោយឡែកកីឡាករ ថៃSuper Chhai ធ្លាប់បានវាយ ឈ្នះកីឡាករ ធា នុរាជ, កន ចន្ថា និងធ្លាប់ចាញ់ពិន្ទុធី តុងហ៊ី ។
គួររំលឹកថា ចំពោះកីឡាករដែលចូលរួមប្រកួតក្នុងកម្មវិធីអធិរាជជើងឯកស៊ីម៉ងត៍ អូដ្ឋវគ្គ៣មានអ្នកប្រដាល់កម្ពុជា៥នាក់ និង កីឡាករបរទេស៣នាក់ គឺថៃ២នាក់និងជន ជាតិឆេកម្នាក់ ។ ចំពោះប្រាក់រង្វាន់វិញ សម្រាប់ម្ចាស់ជើងឯកដែលជាប់ចំណាត់ថ្នាក់លេខ១ទទួលថវិកាចំនួន៤.០០០ ដុល្លារអមជាមួយពានរង្វាន់១ផងដែរ។ ចំណាត់ថ្នាក់លេខ២ទទួលបានប្រាក់រង្វាន់ចំនួន១,៥០០ដុល្លារ, លេខ៣ទទួលបាន ៧៥០ដុល្លារ និងលេខ៤ទទួលបាន ៥០០ដុល្លារនេះបើយោងតាមការកំណត់ចំណាត់ថ្នាក់ របស់កម្មវិធីខាងលើដែល ធ្លាប់បានបញ្ចប់វគ្គ២រួចហើយនោះ ៕
ដោយ៖ សារីម