នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចជំនាញ ទទួលបណ្តឹង ៦បន្ថែម​ទៀត ស្នើឱ្យជួយសង្គ្រោះជនបរទេស ៧នាក់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាម​ការបញ្ជាក់​ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅយប់ថ្ងៃ​ចន្ទ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៦ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនបរទេសចំនួន ០៧នាក់​ នេះបេី​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៦ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកអ្នកនាំពាក្យ​រូបនេះ​ បានគូសបញ្ជាក់ថា សំណើទាំង ០៦ករណី រួមមាន៣សញ្ជាតិ៖ ស្នើឱ្យសង្រ្គោះជនជាតិវៀតណាម ០២នាក់, ម៉ាឡេស៉ី ០២នាក់ និងជនជាតិចិន ០៣នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៥៦៨ករណី មានមនុស្ស ១,៤៥៨នាក់

២៖ បានស្រាវជ្រាវអង្កេត រកឃើញ ៣០០សំណើ និងបិទសំណុំរឿង ១៣៧សំណើ (រកឃើញមនុស្ស ៦៩៣នាក់, ឃាត់ខ្លួនជនសង្ស័យ ៨៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៣១ករណី។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print