តាំងពីដើមមករុស្ស៊ីនិងអាមេរិកធ្វើការដាច់ដោយឡែកពីគ្នា ពិសេសនៅក្នុង សង្គ្រាមវាយប្រហារក្រុមភេរវកម្មរបស់រុស្ស៊ី និងអាមេរិកនៅស៊ីរី។ បើទោះវាយប្រហារទៅលើគោលដៅតែមួយតែរុស្ស៊ីនិងអាមេរិក មិនអាចរួមគ្នាបានឡើយ។
កន្លងមកអាមេរិកបានបដិសេធទៅនឹងសំណើរបស់រុស្ស៊ីដែលចង់ឲ្យអាមេរិក និងសម្ព័ន្ធអន្តរជាតិចូលរួមជាមួយកងកម្លាំង រុស្ស៊ីវាយប្រហារទៅលើក្រុមភេរវនិយមនៅ ក្នុងទឹកដីស៊ីរី។ “យើងនឹងមិនសហការឬ សម្របសម្រួលអ្វីទាំងអស់ជាមួយរុស្ស៊ី”។ នេះជាចម្លើយដ៏ស្ងួតចែសរបស់អ្នកនាំពាក្យ ក្រសួងការពារជាតិអាមេរិកលោក Jeff Davis។
តាមការបកស្រាយរបស់អ្នកនាំពាក្យ មន្ទីរបញ្ចកោណអាមេរិកបដិសេធមិនចូល រួមជាមួយរុស្ស៊ី ក៏ដោយសារតែអាមេរិក និងរុស្ស៊ីមានគោលដៅយោធាខុសគ្នាក្នុងទឹកដីស៊ីរី។ ទិសដៅរបស់មូស្គូគឺធ្វើយ៉ាង ណាការពារជួយរក្សាអំណាចរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ចំណែកអាមេរិកវិញគឺមានទិសដៅខុសពី រុស្ស៊ីគឺគ្រាន់តែចង់វាយបំផ្លាញក្រុមភេរវ និយមជីហាដអង្គការរដ្ឋអ៊ិស្លាមតែប៉ុណ្ណោះ។
នៅថ្ងៃសុក្រ កន្លងទៅលោករដ្ឋមន្រ្តីការពាររុស្ស៊ី Sergueï Choïgou បាននិយាយប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា ទីក្រុងមូស្គូបាន ស្នើទៅអាមេរិក និងក្រុមសម្ព័ន្ធអន្តរជាតិ ដើម្បីឲ្យពួកគេចូលរួមជាមួយរុស្ស៊ីបើកការវាយប្រហារផ្លូវអាកាសទៅលើក្រុមភេរវ និយមដែលសកម្មនៅក្នុងទឹកដីស៊ីរីចាប់ ពីថ្ងៃទី២៥ ខែឧសភាតទៅ។ តាមគម្រោង រុស្ស៊ីចង់វាយប្រហារទៅលើក្បួនរថយន្តដឹក អាវុធខុសច្បាប់ពីទឹកដីទួរគី និងក្រុមប្រដាប់ អាវុធដែលបានរំលោភបទឈប់បាញ់នៅ ស៊ីរី។ នៅក្នុងគម្រោងរបស់រុស្ស៊ីការវាយ ប្រហារសំដៅផងដែរ ទៅលើក្រុមអាល់ នូស្រាដែលជាបណ្តាញអាល់កៃដានៅ ស៊ីរី។
រដ្ឋបាលរបស់លោកអូបាម៉ាបានចាត់ ទុកក្រុមអាល់នូស្រាបណ្តាញរបស់អាល់ កៃដានៅស៊ីរីជាក្រុមភេរវជនក៏ពិតមែន ប៉ុន្តែការបដិសេធរបស់ក្រសួងការពារជាតិអាមេរិកមិនសហការជាមួយរុស្ស៊ីបាន ន័យថា អាមេរិកមិនចង់វាយប្រហារទៅលើក្រុមនេះដូចមុនទេ ព្រោះថាក្រុមអាល់ នូស្រានេះតាមពិតកំពុងចូលរួមជាមួយ ក្រុមឧទ្ទាមស៊ីរី ដើម្បីវាយផ្តួលរំលំរបបស៊ីរី របស់លោកបាសា អាល់អាសាដ។
បើតាមរដ្ឋមន្រ្តីការពាររុស្ស៊ីប្រតិបត្តិការវាយប្រហារទៅលើក្រុមភេរវនិយមធ្វើ ឡើងដោយមានការសម្របសម្រួលសហ ការពីរដ្ឋាភិបាលស៊ីរី។ អាមេរិកដែលរហូត មកបដិសេធមិនសហការធ្វើការជាមួយលោកប្រធានាធិបតីបាសា អាល់អាសាដ បានអំពាវនាវទៅភាគីរុស្ស៊ីឲ្យដាក់សម្ពាធទៅលើសម្ពន្ធមិត្តរបស់ខ្លួនដែលកំពុង រំលោភបទឈប់បាញ់។ បទឈប់បាញ់ ចេញមកពីគំនិតផ្តួចផ្តើម និងតាមដាន របស់អាមេរិក និងរុស្ស៊ី៕
ប្រែសម្រួល៖ ម៉ែវ សាធី