ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺផ្លូវ១ដើមបានបាក់ដួល ដោយសារតែរថយន្តកូរ៉េចំណុះ២តោនកន្លះ បើកចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿនមិនបង្អង់បានជ្រុលចង្កូតឡើងលើខឿននិងបុកបង្គោលភ្លើងបាក់អស់មួយដើមរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៤០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េចំណុះ ២តោនកន្លះ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-3743 បើកក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិចឡើងលើស្ពានអាកាសស្ទឹងមានជ័យ ពេលមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងចុះពីលើស្ពានមិនបង្អង់ល្បឿន បានឡើងលើខឿនផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលឱ្យបាក់ដួលដល់ដីអស់ចំនួន១ដើម សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនណារម្នាក់នោះឡើយ ហើយអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់ស្រមោលផងដែរ ។
តាមសមត្ថកិច្ចបានអោយដឹងថា ករណីបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីការបើកបរធ្វេសប្រហែស និងបើកលឿនមិនគោរពច្បាប់ បាត់បង់ម្ចាស់ការក្នុងពេលជួបបញ្ហាគ្រោះថ្នាក់ ម្តងៗ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ ព្រែកជ័យ