រដ្ឋមន្ត្រីការបរទេសកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាទ្វេភាគី

ចែករំលែក៖

 

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន ករណី

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាទ្វេភាគី

លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក អែនវីកគេ អេ ម៉ាណាឡូ (Enrique A. Manalo) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បាន វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន ក្នុងជំនួបទ្វេភាគី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ នៅរាជធានីភ្នំពេញ។ លោក ម៉ាណាឡូ បានអបអរ សាទរកម្ពុជាសម្រាប់ “ភាពជាប្រធានអាស៊ានដ៏ល្អឯក» ខណៈពេលដែល លោកឧបនាយករដ្ឋមន្តី ប្រាក់ សុខុន បានថ្លែងអំណរគុណហ្វីលីពីនដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ ២០២២។

លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកជំនឿជាក់ថា ជំនួបទ្វេភាគីរវាង លោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ទី១០ ខ វិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការ បង្កើតទំនាក់ទំនងការទូត នឹងបន្ថែមសន្ទុះដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកអំពីលទ្ធផលប្រកបដោយផ្លែផ្ការបស់កិច្ចប្រជុំលើកទី ៣ នៃគណៈកម្មការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន ដែលធ្វើជាសហប្រធាន ដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ អតីតរដ្ឋមន្ត្រី ការបរទេសហ្វីលីពីន កាលពីខែធ្នូ ឆ្នាំមុន និងបានលើកទឹកចិត្តឱ្យអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំ នោះដែលជាផែនទីបង្ហាញផ្លូវសម្រាប់ភាគីទាំងពីរ ក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏ ល្អនាពេលបច្ចុប្បន្ន។

លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះកំណើននៃការផ្លាស់ប្តូរ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យ វិនិយោគ និងពាណិជ្ជកម្មទ្វេភាគី លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើភាគីហ្វីលីពីនបង្កើនការនាំចូលអង្ករ និងទាញយកប្រយោជន៍ពីច្បាប់ វិនិយោគថ្មីរបស់កម្ពុជា ដែលផ្ដល់នូវការលើកទឹកចិត្តច្រើនជាងមុន សម្រាប់ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ជាពិសេសក្នុងឧស្សាហកម្មកសិ-ម្ហូបអាហារ។

លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានលើកឡើងពីរការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ ហើយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ដល់អនុសាសន៍ឱ្យបង្កើនជើង ហោះហើរត្រង់រវាងទីក្រុងម៉ានីល-រាជធានីភ្នំពេញ-ទីក្រុងម៉ានីល និងលទ្ធភាពហោះហើររវាងទីក្រុង សេប៊ូ-សៀមរាប-សេប៊ូ ។

កិច្ចសហប្រតិបត្តិការលើវិស័យការអភិវឌ្ឍធនធានមនុស្ស សន្តិសុខនិងការពារជាតិ កសិកម្ម និងការ ផ្លាស់ប្តូរការគាំទ្រគ្នារវាងប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ ក៏ត្រូវបានលើកយកមកពិភាក្សានៅ ក្នុងជំនួបនេះ ផងដែរ។

លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុង ឱកាសនោះ លោក ម៉ាណាឡូ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈប្រសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និង បានបញ្ជាក់ពីការបន្តគាំទ្ររបស់ហ្វីលីពីនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print