ខេត្តពោធិ៍សាត់៖ រថយន្តតូរីសដឹកអីវ៉ាន់បានបុកម៉ូតូពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នាបណ្ដាលឱ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៣-១៩៤ ស្ថិតក្នុងភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មាន សាមឿត (ហៅ ង៉ា) ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1C-7419 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកជាមួយរថយ្តតូរីសដឹកទំនិញ ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នាពេញទំហឹងរួចកិនបណ្ដាលឱ្យខ្ទេចជើងរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ប្រភពខាងលើបន្តថា រថយន្តបង្កម៉ាកតូរីសដឹកអីវ៉ាន់ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 2AE-2760 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំណែកអ្នកបើកបររត់គេចខ្លួន ។ ប្រភពបន្តទៀតថា វត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន រង់ចាំដោះស្រាយគ្នាតាមនីតិវិធី ចំណែកជនរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕
ដោយ៖ ប៉ឹម ពិន