ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសម និងពិភាក្សការងារ នៅវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែចាប់ផ្តើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ។
កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
រហូតដល់ពេលនេះ មានប្រមុខរដ្ឋ និងប្រមុខរាជ/រដ្ឋាភិបាល ប្រទេសសមាជិកអាស៊ាន និងដៃគូនានារបស់អាស៊ាន បានចាប់ផ្តើមមកដល់កម្ពុជា។
ព្រឹត្តិការណ៍ថ្នាក់កំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ។
នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូនលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។
នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន នឹងជួបសវនាការ ជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង៕
ដោយ : សិលា