ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅក្នុងឱកាសប្រគល់រថយន្តអគ្គិភ័យចំនួន១១៣គ្រឿងដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបរិវេណក្រសួងមហាផ្ទៃថា ក្រុមកម្លាំងសមត្ថកិច្ចបង្កា និងពន្លត់អគ្គិភ័យទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវប្រការចំនួន៤គឺ ទី១/លឿនរហ័សទាន់ចិត្ត ទី២/ប្រកបដោយប្រសិទ្ធភាព ទី៣/យុតិ្តធម៌មិនប្រកាន់ពណ៌សម្បុរនិន្នាការនយោបាយ និងទី៤/តម្លាភាព។
សម្តេចក្រហោមក៏បានលើកឡើងនូវប្រសាសន៍ដោយបានជំរុញឲ្យបណ្តាស្នងការនគរបាលរាជធានីខេត្តត្រូវយកចិត្តទុកដាក់ក្នុងការថែទាំរថយន្តអគ្គិភ័យកុំឲ្យខូច ហើយដល់ពេលមានបញ្ហាអគ្គិភ័យកើតឡើងស្រាប់តែរថយន្តដេរទៅមិនឆេះ អស់អាគុយ អស់ទឹកក្នុងរថយន្ត កង់រថយន្តធូរ បើយ៉ាងដូច្នេះវាស្មើនឹងអត់មានរថយន្តអគ្គិភ័យនោះទេ។ វាជាការពិតណាស់បច្ចុប្បន្នយើងកំពុងមានការរីកចម្រើនអគារខ្ពស់ៗ កន្លងទៅពេលមានអគ្គិភ័យ កើតឡើងផ្លូវពិបាកតូចចង្អៀតរថយន្តមិនអាចចូលបាន ហើយអ្នកបើកបររថយន្តត្រូវទាមទារឲ្យមានជំនាញគ្រប់គ្រាន់ក្នុងការថែទាំ។ សម្តេចបានមានប្រសាសន៍បន្ថែមថា យើងមិនត្រូវប្រចាំគ្នានោះទេនៅពេលមានករណីអគ្គិភ័យ អ្នកជាប់របងខេត្តខណ្ឌក្បែរគ្នាត្រូវចេញជួយគ្នាដើម្បីអាយុជីវិតប្រជាពលរដ្ឋយើង មិនត្រូវប្រកាន់ទឹកដីគេ ទឹកដីអ្នកនោះ។ ម្យ៉ាងវិញទៀតយើងមិនត្រូវទៅតថ្លៃគ្នាជាមួយពលរដ្ឋពេលមានករណីឲ្យសោះ។
ដោយឡែកបើយោងតាមរបាយការណ៍សង្ខេបស្តីអំពីសភាពការណ៍គ្រោះថ្នាក់អគ្គិភ័យក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦បានឲ្យដឹងថា គ្រោះអគ្គិភ័យបានកើនឡើងចំនួន៣៦២លើក បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៥ មានកើនឡើង១៤លើកស្មើនឹង៤%ដែលបណ្តាលឲ្យស្លាប់មនុស្ស១៣នាក់ រងរបួស៨នាក់ ឆេះផ្ទះអស់៦០១ខ្នង និងតូបផ្សារ១២២០តូប។ មូលហេតុដែលបណ្តាលឲ្យឆេះច្រើនជាងគេមានជាង៤៣%ដោយចរន្តអគ្គិសនី និងជាង៣៦%ដោយភាពឆ្វេសប្រហែសនៃការប្រើប្រាស់ភ្លើង។
ដោយឡែកដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋទូទៅនិងដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបតិ្តការរបស់កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ អគ្គស្នងការដ្ឋាននគរបាលជាតិស្នើសុំគោលការណ៍សំរេចពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការបែងចែករថយន្តពន្លត់អគ្គិភ័យចំនួន១១៣គ្រឿង ដោយក្នុងនោះ១០០គ្រឿងបែងចែកផ្តល់ជូនស្ថានីយ៍ថ្មីបន្ថែមលើស្ថានីយ៍ចាស់ដែល មានស្រាប់ក្នុងនោះមានខេត្តកណ្តាល៥គ្រឿង កំពង់ស្ពឺ៤គ្រឿង កំពង់ឆ្នាំង៤គ្រឿង ព្រៃវែង ៦គ្រឿង កំពង់ចាម៦គ្រឿង ត្បូងឃ្មុំ៥គ្រឿង ក្រចេះ៥គ្រឿង ស្ទឹងត្រែង៣គ្រឿង ស្វាយរៀង៤គ្រឿង តាកែវ៤គ្រឿង កំពត៣គ្រឿង កែប២គ្រឿង ព្រះសីហនុ៤គ្រឿង កោះកុង៣គ្រឿង កំពង់ធំ៤គ្រឿង ពោធិ៍សាត់៥គ្រឿង បាត់ដំបង៦គ្រឿង សៀមរាប៦គ្រឿង បន្ទាយមានជ័យ៣គ្រឿង ឧត្តមានជ័យ៣គ្រឿង ប៉ៃលិន២គ្រឿង ព្រះវិហារ៥គ្រឿង មណ្ឌលគីរី៤គ្រឿង និង ខេត្តរតនៈគីរី៤គ្រឿងផងដែរ៕
ដោយ៖ តាឡឹម