ខេត្តកំពង់ចាម៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិដល់កងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ។
បន្ទាប់ពីអានប្រកាស សេចក្តីសម្រេចស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្កិ ជូនដល់មន្ត្រីកងរាជអាវុធហត្ថរួចមក លោកឧត្តមសេនីយត្រី សោ សាវឿន បានប្រគល់សេចក្តីសំរេច បំពាក់ឋានន្តរសក្តិ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ។
ដោយឡែកក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ សោ សាវឿន ក៏បានសម្តែងនូវការកោតសរសើរ ចំពោះមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលបានខិតខំប្រឹងប្រែងដោយស្មារតីយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន សំដៅអនុវត្តសម្រេចបានលទ្ធផលផ្លែផ្កា រក្សាបាននូវស្នាដៃគួរជាទីមោទនៈ ជូនប្រជាជន ក៏ដូចជាអង្គភាពទាំងមូល និងជាតិមាតុភូមិផងដែរ ។
លោកឧត្តមសេនីយ៌ត្រី មានប្រសាសន៍ដែរថា ការប្រគល់នូវឋានន្តរសក្ដិ និងតួនាទីនេះ ពិតជាសមស្របតាមលក្ខណៈសម្បត្តិ សមត្ថភាព គុណធម៌ សីលធម៌ ដែលនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត បានសងគុណ និងកសាងស្នាដៃ ជូនជាតិមាតុភូមិនាពេលកន្លងទៅនោះ ។
លោកឧត្តមសេនីយ៌ត្រីបានបន្តថា កងរាជអាវុធហត្ថខេត្តកំពង់ចាមយើង ត្រូវតែសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលមានគ្រោះធមជាតិ ឬបញ្ហាអ្វីមួយ។ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តាមដានក្តាប់នូវសភាពការណ៌ រាល់សកម្មភាពដែលមានលក្ខណៈប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតិឲ្យក្រុមណាមួយ បុគ្គលណាមួយមកបំផ្លិចបំផ្លាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតមិនឲ្យមានបដិវត្តពណ៌នៅក្នុងប្រទេសកម្ពុជាជាដាច់ខាត។
ចប់កម្មវិធីលោកមេបញ្ជាការបានអញ្ជើញពិនិត្យអគាររដ្ឋបាលនៃបញ្ជាការដ្ឋានដែលមានទំហំ ទទឹង ៩ម x ៣៦ម កម្ពស់២ជាន់ ក្នុងគម្រោង ១០០,០០០ដុល្លារ ដែលបច្ចុប្បន្នកំពុងសាងសង់ និងសម្រេចបានប្រមាណជា ៤០% ចំណាយអស់ទឹកប្រាក់ ៤០,០០០ដុល្លារហើយ ៕
ដោយ៖ សុខ ខេមរា