ភ្នំពេញ៖ លោក ប៉ានសូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ,លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ,លោកបណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នារសៀលទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅឯសណ្ឋាគារ Raffles Hotel Le Royal ដើម្បីពង្រឹងកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពរឹងមាំ និងយូរអង្វែង ជាពិសេសផ្ដោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត។
កិច្ចជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងវិស័យឯកជនជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោក ប៉ានសូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ បានសម្ដែងការស្វាគមន៍ និងសេចក្ដីសោមនស្សរីករាយចំពោះការអញ្ជើញមកដល់របស់ លោកសាស្រ្តាចារ្យ និងសហការី និងបានថ្លែងអំណរគុណដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែបានផ្ដល់កិច្ចសហការល្អ និងការគាំទ្រក្នុងការលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានផ្ដល់ឱ្យកម្ពុជានូវឱកាសទាក់ទាញវិនិយោគិន និងធុរជនមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបានជួយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ផងដែរ។
ជាមួយគ្នានេះ លោកសាស្រ្តចារ្យ បានថ្លែងអំណរគុណដល់គណៈប្រតិភូកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងថានេះជាលើកទី១ សម្រាប់លោកសាស្ត្រាចារ្យ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ឆ្នាំ២០២២។
បន្ថែមពីនេះ លោកសាស្ត្រាចារ្យ បានបង្ហាញចំណាប់អារម្មណ៍អំពីការមើលឃើញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងមានបំណងចង់បង្កើនកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពរឹងមាំជាងមុន និងយូរអង្វែង ជាពិសេសផ្ដោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត៕ដោយ៖សហការី