ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម នៅព្រលប់ថ្ងៃព្រហស្បតិ៍ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC Chair) ក្នុងឆ្នាំ២០២២ កាលពីព្រឹកមិញនេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២១ (THE TWENTY FIRST ASEAN ECONOMIC COMMUNITY COUNCIL MEETING – 21st AECC) អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសណ្ឋាគារហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការរងអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានផ្តល់មតិស្វាគមន៍ និងថ្លែងអំណរចំពោះបណ្តារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាទាំងអស់ អគ្គលេខាធិការរងអាស៊ាន និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលបានចូលរួមដោយផ្ទាល់ និងតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោករដ្ឋមន្រ្តី បន្តថា អង្គប្រជុំនេះបានធ្វើការកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១) បច្ចុប្បន្នភាពចុងក្រោយនៃសមិទ្ធផលសេដ្ឋកិច្ចអាស៊ាន (PEDs) របស់ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២, (២) វឌ្ឍនភាពការងារនៃអន្តរវិស័យរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន, (៣) វឌ្ឍនភាពនៃសកម្មភាពតាមដានលើអនុសាសន៍លើរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិ (Mid-Term Review) នៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint 2025), (៤) វឌ្ឍនភាពនៃការពង្រាងនៃធាតុផ្សំស្នូល(Core Element) សម្រាប់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥, (៥) របាយការណ៍និងឯកសារលទ្ធផលនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងរបៀបវារៈពាក់ព័ន្ធផ្សេងៗ។
នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី បានសំដែងការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ីដែលនឹងទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៣ និងបានថ្លែងអំណរគុណដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដែលបានចូលរួមពិភាក្សា យ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់៕ដោយ៖សហការី