ប្រទេសថៃ៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋខ្មែរចំនួន១០នាក់ដែរបានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ ខណៈដែលពលរដ្ឋខ្មែរជាភ្ញៀវទេសចរទាំងនោះវិលត្រឡប់ចេញពីទីក្រុងបាងកកក្នុងទិសដៅទៅកាន់ខេត្តស្រះកែវដើម្បីឆ្លងមកកម្ពុជាវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ៣៥៩ (អារញ្ញ-បាងកក) ក្នុងខេត្តប្រាជីនបុរី ដែលបង្កឡើងដោយខ្លួនឯង គឺរថយន្តទួរីស ពាក់ស្លាកលេខ បាងកក ១៦-១៧៩១ បើកបរដោយជនជាតិថៃ (បានរងរបួសធ្ងន់)។
បើតាមអ្នកបើកបររថយន្តដែលជាជនជាតិថៃខាងលើបានបញ្ជាក់ថា ខ្លួនបានម៉ៅដឹកភ្ញៀវទេសចរខ្មែរទាំង១០នាក់ ត្រឡប់មកពីទីក្រុងបាងកកឆ្ពោះមកកាន់ខេត្តស្រះកែវ ដោយដឹកចេញនៅវេលាម៉ោង១០ព្រឹកថ្ងៃខែឆ្នាំដដែល។ លុះមកដល់ត្រង់ចំណុចខាងលើស្រាប់តែកង់រថយន្តខាងមុខ(ខាងឆ្វេង) បានផ្ទុះឡើងបណ្តាលឱ្យរថយន្តរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមប្រេងខ្យល់បាក់ជិត ២០ដើម។
បច្ចុប្បន្នទាំងអ្នកបើកបរនិងភ្ញៀវទេសចរខ្មែរកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តប្រាជីនបុរី ប៉ុន្តែមិនមានអ្នករងគ្រោះដល់បាត់បង់អាយុជីវិតឡើយ៕ ដោយ៖ សូរិយា