ភ្នំពេញ : លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក Jagdeep Dhankhar អនុប្រធានាធិបតីនិងជាប្រធានសភាជាន់ខ្ពស់នៃសាធារណរដ្ឋឥណ្ឌា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម Jagdeep Dhankhar អនុប្រធានាធិបតីនិងជាប្រធានសភាជាន់ខ្ពស់នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកដល់កម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ ៕
ដោយ : សុខ ខេមរា