នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ មានជំនួបពិភាក្សាការងារទ្វេភាគី

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ករណី នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ មានជំនួបពិភាក្សាការងារទ្វេភាគី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក បណ្ឌិត Phankham Viphavanh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគី នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណង មិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនង ការទូតនៅឆ្នាំ ១៩៥៦។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកនាយករដ្ឋមន្ត្រីឡាវ មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះកម្ពុជា ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) និងបានរំលឹកជាថ្មីអំពីសារៈសំខាន់នៃការជំរុញ ទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរ ពាក់ព័ន្ធអនុវត្តឯកសារនានាដែលបានចុះហត្ថលេខារួចស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។

នាយករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយសោមនស្សរីករាយដែលភាគីទាំងពីរសម្រេចបានការខណ្ឌសីមា និងបោះបង្គោលប្រមាណ ៨៦% នៃខ្សែព្រំដែនរួម និងបានឯកភាពប្រគល់ភារកិច្ចជូន គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា និងឡាវ (JBC) ឲ្យបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចុះ ហត្ថលេខានៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រី នៅប្រទេសឡាវ នៅឆ្នាំ ក្រោយ។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរឲ្យបានទៀងទាត់ ដើម្បីជំរុញកិច្ច សហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរ បានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្ដាល និងថ្នាក់ មូលដ្ឋានរបស់ខ្លួន អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនរវាងកម្ពុជា និងឡាវ មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការបនិងប្រែក្លាយតំបន់នេះទៅជាតំបន់សន្តិភាព។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោក Phankham Viphavanh បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះ លោកបណ្ឌិត Phankham Viphavanh បានកោតសរសើរ ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ឡាវចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ នានាដែលជាកង្វល់រួម ផងដែរ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print