ភ្នំពេញ : នៅវេលាម៉ោង ១២: ១៥ នាទី នៅរសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ តាមជើងយន្តហោះពិសេស CFC 01 បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព ដោយមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និង អមដោយអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និង កិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលកម្ពុជាទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ។
សូមជម្រាបថា៖ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា និង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ាន ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំសំខាន់ៗទាំង៦រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន និងកាណាដា។
គូសបញ្ជាក់ថា៖ ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន កម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា។ ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន និងទទួលភារកិច្ចរៀបចំកិច្ចប្រជុំនានា បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
សូមបញ្ជាក់ថា, កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ ៕
ដោយ : សិលា