ខេត្តព្រៃវែង៖ ក្មេងប្រុស ៣ បានស្លាប់និង៦នាក់ផ្សេងទៀត ត្រូវបានពលរដ្ឋជួយសង្រ្គោះទាន់ពេល ក្នុង ករណីលិចទូកក្នុងបឹងតាអី នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ លោក ជា វាសនា អធិការស្រុកពោធិ៍រៀងប្រាប់ថា ក្មេងប្រុសទាំង៩នាក់ បានជិះទូកលេង ក្រោយពួកគេចេញពីរៀននៅម៉ោងប្រហែល៩ព្រឹកថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២២ហើយបានលិចទូក។
យុវជន៩ នាក់ ជាសិស្សសាលាបាននាំគ្នាជិះទូកលេង នៅក្នុងបឹងតាអី ដែលមានជម្រៅចន្លោះពី២ទៅ៣ម៉ែត្រ ស្ថិតនៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ លោក ជា វាសនា អធិការស្រុកពោធិ៍រៀង ប្រាប់ថា ពេលកំពុងជិះស្រាប់តែទូកលិចបណ្ដាលឱ្យយុវជន ៣នាក់ លង់ទឹកស្លាប់ ខណៈ៦នាក់ទៀត ហែលរួចខ្លួន និងខ្លះត្រូវបានពលរដ្ឋក្បែរនោះជួយសង្រ្គោះ។ លោក ជា វាសនា បន្តថា ក្រោយកើតហេតុសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះមុជទឹកស្វែងរកសាកសពយុវជនទាំង ៣ ដោយរកឃើញភ្លាមៗចំនួន ២នាក់ និងម្នាក់រកឃើញនៅម៉ោងជិត ១២ថ្ងៃត្រង់។
អធិការស្រុកពោធិ៍រៀងរូបនេះ ក៏បានអំពាវនាវដល់ឪពុកម្ដាយ ឬអាណាព្យាបាល ប្រុងប្រយ័ត្ន និងណែនាំកូនចៅកុំឱ្យលេងទឹក ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ៕