ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោបាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ២០គ្រួសារនៅក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចដល់ការលំបាករបស់បងប្អូន ដែលជានិច្ចកាលសម្តេចបានផ្តាំផ្ញើរឲ្យអជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងរាយការណ៍អំពីបញ្ហា ការលំបាក និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ចាស់ជរា និងអ្នកជួបគ្រោះមហន្តរាយផ្សេងៗ។
ជាមួយគ្នាលោកអភិបាលក៏បានពាំនាំការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញផងដែរ។ លោកប្រធានកិតិ្តយសក៏បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត អនាម័យការរស់នៅដើម្បីឲ្យមានសុខភាពល្អរស់នៅបានយូរអង្វែង ជាពិសេសដោយសាររដូវនេះមានសភាពក្ដៅខ្លាំង សូមបងប្អូនរក្សាទឹកទុកសម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ជៀសវាងការខ្វះខាត ហើយប្រសិនបើមានបញ្ហាខ្វះខាតទឹក សូមរាយការណ៍បន្ទាន់មកអជ្ញាធរដើម្បីយើងចាត់វិធានការបានទាន់ពេលវេលា។
អំណោយដែលត្រូវយកទៅចែកជូនប្រជាពរដ្ឋក្រីក្រទាំង ២០គ្រួសាររួមមាន អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ឃីត១កញ្ចប់ (មុង១+ ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា ៣ម៉ឺនរៀល ក្នុងនោះផងដែរមានលោកយាយ ឡាំ យឺន បានទទួលប្រាក់បន្ថែមចំនួន១០មឺុនរៀលពីលោកអភិបាលផងដែរ៕
ដោយ៖ជីម ភារ៉ា ដង្កោ
...