ភ្នំពេញ៖ ក្រោយពីបរាជ័យក្នុងការសម្របសម្រួលក្រៅរបងតុលាការ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍របស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម នៅពេលនេះបានធ្លាក់ដល់ដៃតុលាការហើយ។ តារាចម្រៀងរូបនេះ និងក្រុមគ្រួសារអ្នកស្លាប់នឹងឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញក្នុងពេលដ៏ខ្លីខាងមុខនេះ តបតាមការកោះហៅរបស់តុលាការ។
ដំណឹងនៃការសម្រុះសម្រួលក្រៅរបងតុលាការរវាងតារាចម្រៀងប្រចាំផលិតកម្មថោន គឺលោក ខេម និងក្រុមគ្រួសារសព ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់លេចចេញការរិះគន់ពីសំណាក់មហាជន និងក្រុមអ្នកច្បាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានមនុស្សស្លាប់ដាច់ខាតមិនអាចបង់សំណងហើយរួចខ្លួននោះទេ ។ ទោះជាយ៉ាងណានៅក្នុងពេលនេះសំណុំរឿងទាំងមូលបានធ្លាក់ដល់ដៃតុលាការហើយ ។
លោក សឿន សារឿន នាយរងផ្នែកវាស់វែងវិវាទចរាចរណ៍ នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានលើកឡើងថា លោកបានបញ្ជូនសំណុំរឿងទៅកាន់តុលាការតាមបញ្ជារបស់ថ្នាក់លើកាលពីដើមសប្តាហ៍នេះ ព្រោះតែបញ្ហានេះមិនអាចបញ្ចប់ត្រឹមការសម្រុះសម្រួលបាននោះ។ លោកបន្តថា លោកសម្រេចបញ្ជូនសំណុំរឿងទាំងស្រុងទៅកាន់តុលាការដើម្បីបញ្ចប់រឿងបន្ទាប់ពីលោក ខេម បដិសេធមិនព្រមផ្ដល់សំណងចំនួន ២៥,០០០ដុល្លារអាមេរិក ឲ្យទៅភាគីជនរងគ្រោះ។
យ៉ាងណាមិញលោកថា ការសម្រុះសម្រួលបង់ប្រាក់នោះគឺគ្រាន់តែដើម្បីបញ្ចប់លើបណ្ដឹងរដ្ឋប្បវេណីប៉ុណ្ណោះ ប៉ុន្តែមិនអាចបញ្ចប់រឿងរ៉ាវទាំងស្រុងនៅក្រៅប្រព័ន្ធតុលាការពោលគឺបណ្តឹងអាជ្ញាបានទេ។ ទោះជាយ៉ាងណាលោកមិនទាន់ដឹងថាតារាចម្រៀង ខេម នឹងត្រូវជាប់ពន្ធធនាគារ ឬពិន័យបែបណានោះទេ ដរាបណាភាគីទាំងពីរមិនទាន់ចូលទៅបំភ្លឺរបស់តុលាការ ។ ជាមួយគ្នានេះលោកក៏បដិសេធមិនទម្លាយឲ្យដឹងទេថាតើភាគីអ្នកស្លាប់ ឬតារាចម្រៀង ខេម ជាអ្នកខុសច្រើននោះដែរ? ដោយលោកអះអាងថា រង់ចាំឲ្យតុលាការធ្វើការកាត់ក្ដីវិញល្អជាង។ លោកបានឲ្យដឹងទៀតថា ចំពោះបញ្ហាផ្លូវច្បាប់ ឲ្យតែករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានរបួសស្នាម និងសម្រាកក្នុងមន្ទីរពេទ្យលើសពី១អាទិត្យគឺត្រូវតែបញ្ជូនសំណុំរឿងទៅកាន់តុលាការទើបលោកបញ្ជូនរឿងហ្នឹងទៅតុលាការទៅតាមច្បាប់។
ជាមួយគ្នានេះគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បានៅឡើយទេពីសំណាក់តារាចម្រៀងប្រចាំផលិតកម្មថោនគឺលោក ខេម ប៉ុន្តែក្រោយកើតហេតុមិនបានប៉ុន្មានថ្ងៃផងគេកត់សម្គាល់ឃើញថា សំណុំរឿងនេះគ្រោងបញ្ចប់ត្រឹមការសម្រុះសម្រួលនៅក្រៅប្រព័ន្ធតុលាការដោយភាគីទាំងសងខាងតែមិនទទួលបានលទ្ធផល។
គួររំលឹកដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ រថយន្តសេរីទំនើប១គ្រឿងម៉ាក Rang Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 ដែលបើកដោយតារាចម្រៀង ខេម បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្តសេរីទំនើប១គ្រឿងទៀតម៉ាក CeLiCa ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នាទិសដៅបញ្ច្រាស់គ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ CeLiCa ស្លាប់គៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ។ បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត ដែលមានទំលំនៅនៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕
ដោយ៖ វឌ្ឍនា