ខេត្តពោធិ៍សាត់៖ រថយន្តធន់ធំ១គ្រឿងបែកកង់ក្រឡាប់ទាំងព្រឹកតែសំណាងមិនរងគ្រោះដល់អ្នកដំណើរ ហើយអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ។
ករណីគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៤៦-១៤៧ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នគរបាលស្រុកក្រគរឲ្យដឹងថា រថយន្តដែលបែកកង់ក្រឡាប់ខ្លួនឯងនេះម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0936 បើកបរដោយបុរសឈ្មោះ ប្រាក់ សុភ័ក្រ អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរ ឃុំ-ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បានរងរបួសស្រាល។
សាក្សីឃើញហេតុការបាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើនេះបើកពីកើតទៅលិចក្នុងល្បឿនមធ្យម លុះពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែឮសំឡេងផ្ទុះកង់ ហើយរថយន្តក៏រ៉េចង្កូតក្រឡាប់នៅចំកណ្ដាលថ្នល់តែម្ដង។ បន្ទាប់ពីក្រឡាប់គេបានឃើញអ្នកបើកបររថយន្តព្យាយាមធាក់ទ្វារវាចេញពីក្នុងកាប៊ីនដោយរងរបួសដៃជើងបន្តិចបន្ទួចប៉ុណ្ណោះដោយសារប៉ះទង្គិចជាមួយនិងរថយន្តពេលដែលរថយន្តក្រឡាប់អូសនៅលើថ្នល់។
អាជ្ញាធរនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីក្រឡាប់រថយន្តនេះពុំបណ្ដាលឲ្យមានការប៉ះពាល់ដល់អ្នកដំណើរនិងអ្នកធ្វើដំណើរតាមរថយន្តឬម៉ូតូនោះទេ ហើយក៏ពុំធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណរបស់រដ្ឋនោះដែរគ្រាន់តែរថយន្តបានរងការខូចខាតមួយផ្នែកដែលក្រឡាប់អូសប៉ះជាមួយនិងថ្នល់កៅស៊ូ។
អ្នកឃើញហេតុការផ្សេងទៀតបាននិយាយថា នេះសំណាងនៅពេលដែលរថយន្តក្រឡាប់នៅចំណុចស្ងាត់និងម៉ោងទើបតែជាង៧ ប្រសិនបើក្រឡាប់នៅម៉ោង៧កន្លះឬ៨ ប្រាកដជានិងមានអ្នកដំណើររងគ្រោះថ្នាក់របួសស្លាប់ពុំខានឡើយ។
មានការលើកឡើងដែរថា ម៉ូលហេតុដែលនាំឲ្យរថយន្តខាងលើនេះបែកកង់ងាយដូច្នេះព្រោះតែកង់របស់គេមានសភាពចាស់ៗ សឹកក្រឡាស្ទើអស់ និងកង់ខ្លះទៀតប៉ោងប្រេះខាងលិចខាងកើត តែម្ចាស់រថយន្តដូចជាមានការធ្វេសប្រហែសដែលទាំងនេះអាចបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរជាខ្លាំង។
បញ្ហារថយន្តធន់ធំមានកង់សឹកអស់ក្រឡាដូចគ្នានេះគឺមានច្រើនណាស់ ប៉ុន្តែគេកម្របានឃើញមន្ត្រីនគរបាលចរាចរណ៍ឈរជើងតាមគោលដៅនានាហៅពិនិត្យឬផាកពិន័យខ្លាំងណាស់បើអ្នកបើកបរលូកចាប់ដៃគ្នា ក៏អនុញ្ញាតឲ្យរថយន្តនោះទៅភ្លាម៕
ដោយ៖ ប៉ិម ពិន