ខេត្តកណ្តាល៖ មេក្លោងជួញដូរគ្រឿងញៀន២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកដំបងស្រាវជ្រាវឃាត់ខ្លួនបានជាក់ស្តែងរួមជាមួយវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការឃាត់មេក្លោងជួញដូរគ្រឿងញៀននេះធ្វើឡើង កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចសិប្បកម្មផលិតឥដ្ឋរបស់ឈ្មោះ ប៉ែន សុផល ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យ២នាក់ប្តីប្រពន្ធដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ ស៊ឹម សាន ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិក្រោល ឃុំចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ប្រពន្ធឈ្មោះ ស៊ីន ភាព អាយុ៣០ឆ្នាំ ។ ទាំង២នាក់នេះបច្ចុប្បន្នស្នាក់នៅក្នុងទីតាំងសិប្បកម្មផលិតឥដ្ឋរបស់ឈ្មោះ ប៉ែន សុផល ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ដើម្បីធ្វើជាកម្មករផលិតឥដ្ឋ ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ ,ដាវសាំម៉ូរៃ០១ដើម ,ទូរស័ព្ទដៃ២គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត។
ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចកំណត់និងតាមដានជាយូរមកហើយ ។ នៅមុនពេលឃាត់ខ្លួន សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកដំបង បានដាក់កម្លាំងនគរបាលប៉ុស្តិ៍ស្លៀកពាក់ស៊ីវិលចូលទៅឃ្លាំមើល រហូតប្រទះឃើញជនសង្ស័យយកគ្រឿងញៀនលក់ទៅឲ្យអ្នកប្រើប្រាស់ ។ ភ្លាមៗនោះសមត្ថកិច្ចក៏បានស្ទុះចូលទភបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ