ខេត្តព្រៃវែង : នាព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងដៃគូសហប្រតិបត្តិការទាំងអស់របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលបានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា។
ជាមួយគ្នានេះដែរ សម្ដេចបានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពទាំងឡាយដែលសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សម្រេចបាន និងមានមោទកភាពចូលរួមអបអរសាទរដល់ភាពជោគជ័យរបស់និស្សិតទាំង ២,៩០៨អង្គ-នាក់ រួមមាននិស្សិតបរិញ្ញាបត្ររង ២៩៧នាក់ និស្សិតថ្នាក់បរិញ្ញាបត្រ២,៤២២នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៨៩នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពលរបស់ជាតិ។
សម្ដេចក្រឡាហោម បានបន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងទីក្រុង និងជនបទ សម្ដេចក៏បានផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ដើម្បីផ្ដល់ឱកាស និងសេវាកម្មសម្រាប់បំពេញតម្រូវការធនធានមនុស្សនៅមូលដ្ឋាន ឆ្លើយតបនិងគោលនយោបាយរៀនពេញមួយជីវិតរបស់រាជរដ្ឋាភិបាល។
លើសពីនេះទៀត សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍ថា «ខ្មាំងសត្រូវក្នុងសម័យសន្តិភាព គឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ អ៊ីចឹង ក្នុងជីវិតរបស់យើង ក្នុងបរិបទដែលប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថិរភាព ១០០% យើងត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ»។ សម្ដេចបន្តថាព្រោះកម្ពុជាមានថ្នាក់ដឹកនាំ និងធនធានមនុស្សប្រកបដោយសមត្ថភាព និងចំណេះដឹងនេះហើយ បានធ្វើឱ្យការរៀបចំកិច្ចប្រជុំអាស៊ានប្រព្រឹត្តទៅដោយជោគជ័យ។
ពាក់ព័ន្ធនិងកិច្ចប្រជុំអាស៊ាននេះដែរ សម្ដេចក្រឡាហោម បានថ្លែងពីមោទកភាពជាតិចំពោះភាពជោគជ័យ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះរបស់កម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ ក្នុងនោះក៏បង្ហាញឱ្យឃើញពីស្នាដៃកងកម្លាំងចម្រុះក្នុងការថែរក្សាការសន្តិសុខ និងសណ្ដាប់ធ្នាប់ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដូចជាការបិទចរាចរណ៍ជាដើម។ សម្ដេចបន្តថា តាមរយៈភាពជោគជ័យនេះ កម្ពុជានឹងសម្រេចបានវឌ្ឍនភាពផ្សេងៗទៀតផងដែរ៕
ដោយ ៖ សហការី