ភ្នំពេញ : នៅល្ងាចថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព។
សូមជម្រាបថា សម្ដេចតេជោបានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរឆ្ពោះទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ វិច្ឆិកា ម្សិលមិញ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក៏ប៉ុន្តែដោយសារតែការធ្វើតេស្តឃើញមានវិជ្ជមានកូវីដ-១៩ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចចិត្តដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដល់មន្ត្រីនៃប្រទេសឥណ្ឌូនេស៊ីដែលបានយកចិត្តទុកដាក់ចំពោះសម្ដេច និងគណៈប្រតិភូ និងសូមអរគុណដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់សម្ដេច។ សម្ដេចតេជោបានមានប្រសាសន៍ថា ទោះបីជាការធ្វើតេស្តបង្ហាញលទ្ធផលវិជ្ជមានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពេលនេះសុខភាពរបស់សម្ដេច គឺធម្មតា មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ទោះបីជាសម្ដេចវិជ្ជមានកូវីដ-១៩ក៏ដោយ ក៏ការងារមួយចំនួន សម្ដេចនៅតែបន្តធ្វើលើកលែងតែការងារដែលត្រូវជួបភ្ញៀវតែប៉ុណ្ណោះ៕
ដោយ : សុខ ខេមរា