ភ្នំពេញ : សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
បពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ជាបឋមទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស រីករាយជាអនេកប្បការដោយបានទទួលព្រះរាជសារលិខិតព្រះករុណាថ្លៃវិសេសដែលស្ដេចទ្រង់សព្វ ព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសព្ទសាធុការពរមហាប្រសើរចំពោះទូលព្រះបង្គំជាខ្ញុំឲ្យ បានឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងវេលាដ៏ខ្លីខាងមុខនេះ ។
តបចំពោះព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់បំផុតសម្តែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យយ៉ាងត្រចះត្រចង់ដែលទូលព្រះបង្គំជាខ្ញុំ ក្នុង នាមជាប្រធានអាស៊ានប្តូរវេន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបាននូវកេរ្តិ៍ឈ្មោះ កិត្តិយស ព្រមទាំងលើកតម្កើងកិត្យានុភាពជាតិ ជូនប្រជាជនកម្ពុជាគ្រប់រូប នៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតជះសម្ភារឫទ្ធា បារមីនៃព្រះករុណាអង្គព្រះមហាក្សត្រ ព្រមទាំងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែង ប្រទាននូវព្រះព្រហ្មវិហារធម៌គិតគូរអំពីសុខុមាលភាពរបស់ទូលព្រះបង្គំជាខ្ញុំនិងភរិយាជារៀងរហូតមក ។
ជាថ្មីម្ដងទៀតទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហា ប្រសើរសូមព្រះករុណាថ្លៃវិសេស ទ្រង់ស្ដេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ ទ្រង់ស្ដេចប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំនិងភរិយា ៕
ដោយ : សិលា