ភ្នំពេញ : កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា រយៈពេល១០ខែ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្តនៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ពិតចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានទាំង៥នៃកាកបាទក្រហមកម្ពុជា សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៩០នាក់។
បន្ទាប់ពីមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍របស់ លោកស្រី ម៉ែននារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជុំវិញគោលបំណងនៃកិច្ចប្រជុំនេះរួចមក អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពកាងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា រយៈពេល១០ខែឆ្នាំ២០២២ និងទិសដៅការងារបន្ត នៅគ្រឹះ ស្ថានឧត្តមសិក្សាទាំង២៤ក្នុងរាជធានីភ្នំពេញ ដែលរាយការណ៍ជូនដោយ លោកស្រី សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា ដែលរបាយការណ៍នេះ បានឆ្លុះបញ្ចាំងពីសកម្មភាពការងារ របស់ថ្នាក់ដឹកនាំ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សា ទាំង២៤ ក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្តដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្រ ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា ហើយបើទោះបីជាមានបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែគ្រឹះស្ថានឧត្តមសិក្សាភាគច្រើន នៅតែសម្រេចបានលទ្ធផលល្អប្រសើរ។
កិច្ចប្រជុំនេះបានបើកឱកាស ឱ្យមានកិច្ចពិភាក្សាជាក្រុមរវាងទីប្រឹក្សាយុវជន និងយុវជនដែលមកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ជុំវិញការខ្វះចន្លោះ បញ្ហាប្រឈម និងសំណូមពរមួយចំនួនដើម្បីកែលម្អទម្រង់របាយការណ៍ឱ្យមានលក្ខណៈល្អជាងមុន ក៏ដូចជាផ្តល់នូវគោលគំនិតសម្រាប់កសាងផែនការឆ្នាំ២០២៣ឱ្យបានល្អប្រសើរផងដែរ។ ជាមួយនេះ ក៏មានការលើកឡើងនូវសំណូមពរមួយចំនួនពីសំណាក់យុវជន និងទីប្រឹក្សាយុវជន ជុំវិញការបង្កើតជាគ្រុបតេឡេក្រាមដើម្បីផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ក៏ដូចជាការចែកចាយបន្តនូវរាល់សកម្មភាពមនុស្សធម៌ទៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ឱ្យបានកាន់តែទូលំទូលាយ ដើម្បីចូលរួមលើកកម្ពស់ការងារមនុស្សធម៌នៅក្នុងសង្គមជាតិផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សា និងឆ្លើយតបទៅនឹងសំណូមពរខាងលើនេះ លោកស្រី ម៉ែននារីសោភ័គ អគ្គលេខាធិការរងទី១ និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានឯកភាព និងទទួលយកនូវ រាល់សំណូមពរដែលតំណាងក្លឹបយុវជននីមួយៗបានលើកឡើង ហើយចាត់ទុកថារាល់មតិយោបល់ទាំងអស់នេះ គឺពិតជាមានសារសំខាន់ក្នុងការចងក្រងធ្វើជារបាយការណ៍ប្រកបដោយគុណភាព និងលើកទិសដៅអនុវត្តបន្ត ជាពិសេសនោះគឺផែនការសកម្មភាពឆ្នាំ២០២៣របស់យុវជនកាកបាទក្រហមកម្ពុជា ព្រោះថាយើងបានទទួលនូវធាតុចូលពីប្រតិបត្តិករជួរមុខទាំងអស់។ ទន្ទឹមនឹងនេះ ធាតុចូលទាំងអស់នេះ នឹងធ្វើឱ្យយើងបន្តពង្រឹងបន្ថែមនូវចំណេះដឹងនិងសមត្ថភាពរបស់យុវជន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍លើកទី២០ និងវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ នៅឆ្នាំ២០២៣ខាងមុខនេះ។
មានប្រសាសន៍បិទកិច្ចប្រជុំនេះ លោក ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកនៃអង្គពិធីទាំងអស់ ព្រមទាំងបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺផ្តល់តម្លៃខ្ពស់ចំពោះសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា។ ចំពោះកិច្ចប្រជុំថ្ងៃនេះ លោក បានកោតសរសើរចំពោះក្មួយៗយុវជន រួមជាមួយទីប្រឹក្សាយុវជនទាំងអស់ តាមរយៈកិច្ចពិភាក្សាជាក្រុម បានឆ្លុះបញ្ចាំងថាក្មួយៗមានភាពក្លាហាន និងយល់ដឹងខ្ពស់ណាស់ លើការបញ្ចេញមតិយោបល់បានចំៗទិសដៅដែលយើងចង់បាន។ ពាក់ព័ន្ធនឹងការងារជួយសង្គមជាតិ ឯកឧត្តម បានលើកឡើងពីសុភាសិតបរទេសមួយដែលមានន័យជាភាសាជាតិថា «បើអ្នកចង់ទៅលឿនគឺទៅតែម្នាក់ឯងតែបើអ្នកចង់ទៅឆ្ងាយគឺត្រូវទៅទាំងអស់គ្នា» ចំណុចនេះឯកឧត្តម ចង់បញ្ជាក់ថា អង្គការចាត់តាំងយុវជនទាំងអស់រួមទាំង សហភាពសហព័ន្ធយុវជនកម្ពុជា, យុវជនកាយឬទ្ធិជាតិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា គឺមានឪពុកម្តាយតែមួយ មានទិសដៅដូចគ្នា ដូច្នេះយើងត្រូវរួមគ្នាដើរលើផ្លូវដ៏វែងឆ្ងាយជាមួយគ្នា មិនត្រូវអត់ក្រុមណា១ឡើយ។ ជាមួយគ្នានេះ លោក បានផ្តាំផ្ញើជូនដល់ក្មួយៗយុវជនទាំងអស់ ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាពឱ្យទាន់សម័យឌីជីថល បន្តធ្វើជាមិត្តអប់រំមិត្តនៅតាមសាលារៀន
និងត្រូវក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត។
ចុងបញ្ចប់កម្មវិធី គណៈអធិបតី បានប្រគល់ប័ណ្ឌសរសើរ ជូនប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជាទាំង២៤ ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ៕
ដោយ : សហការី