ក្រសួងកសិកម្មភ្ញាក់ផ្អើលចំពោះករណីសមត្ថកិច្ចអាមេរិកឃាត់ខ្លួនមន្ត្រីកម្ពុជា ដែលទៅ ចូលរួមកិច្ចប្រជុំការពារសត្វព្រៃ និងរុក្ខជាតិជិតផុតពូជនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថា លោក គី ប៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបាន ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល លោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជCITES(សាយតេស) នៅប្រទេសប៉ាណាម៉ា។

តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌សហរដ្ឋ អាមេរិក លោក គី ប៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការ រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ១- ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញាសាយតេស។ វាជា រឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ដែលលោក គ្រី ប៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិត ផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលប្រទេសទាំងពីរ គឺកម្ពុជា និង សហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

២- នៅកម្ពុជា សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។

៣- សត្វស្វាក្តាមត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់ គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ចូនចេញទៅក្រៅ ប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបាន ការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹម ត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។

៤- សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកប អាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។

សេចក្តីដូចបានជម្រាបជូនខាងលើ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាល កម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែល បំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធានាថា ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានា នឹងត្រូវបានគោរព។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអាសយដ្ឋានអ៊ីម៉ែល៖ [email protected]

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print