ភ្នំពេញ៖ ករណីអាជ្ញាធរសហរដ្ឋអាមេរិកឃាត់ខ្លួនមន្ត្រីខ្មែរពីរនាក់ធ្វេី ឲ្យមានការចាប់អារម្មណ៍និងជាពិសេសការវាយប្រហារពី ក្រុមអ្នកប្រឆាំង។ យ៉ាងណា ក៏ ដោយក្រសួងការបរទេសនិងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបាននិងកំពុងស្វែងរកមេធាវីអន្តរាគមន៍លើរឿងនេះហើយ។
លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានថ្លែងថា នៅវេលានេះស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអាមេរិកកំពុងសម្របសម្រួលតាមផ្លូវច្បាប់ និងស្វែងរកមេធាវីដើម្បីការពារក្តីជូនដល់មន្រ្តីកម្ពុជាទាំង២រូប ដែលត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួនអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកទៅចូលរួមកិច្ច ប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ។
នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ជុំ សុន្ទរី បានបញ្ជាក់ថា “ចំពោះករណីមន្រ្តីរបស់យើងត្រូវឃាត់ខ្លួននៅញូវយ៉ក ខ្ញុំសូមជំរាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុង ធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន”។
សូមបញ្ជាក់ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានកំពុងស្វែងរកយុត្តិធម៌ បន្ទាប់ពីសហរដ្ឋអាមេរិក ឃាត់ខ្លួនមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មពាក់ព័ន្ធនឹងការរត់ពន្ធសត្វស្វាក្តាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២ បានឲ្យ ដឹងថា មានការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និង ជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា អំឡុងពេល ធ្វើ ដំណើរឆ្លងកាត់សហរដ្ឋអាមេរិកទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។
សេចក្តីប្រកាសនេះ បានបន្តថា ក្រសួងកសិកម្ម មានការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំងដោយបានទទួលដំណឹងថា លោក គី ប៉ះផលប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញាសាយតេស។ ក្រសួងកសិកម្ម បានសម្តែងការហួសចិត្តជាទីបំផុត ដែលលោក គ្រី ប៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់« ពីបទសមគំនិតក្នុងការ រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាម៉េរិក»៕