យោធាអ៊ុយក្រែនបាននិយាយថា មីស៊ីលនិងកាំភ្លើងធំរបស់រុស្ស៊ី បានវាយប្រហារទីតាំងអ៊ុយក្រែន ជាច្រើនកន្លែងនៅក្នុងតំបន់ ហើយការប្រយុទ្ធគ្នានៅតែខ្លាំងក្លា ក្នុងទីក្រុង Donetsk ភាគខាងកើតនៃប្រទេស។
យោងតាមសារព័ត៌មាន Reuters និង The Guardian បានផ្សាយថា អាជ្ញាធរអ៊ុយក្រែន កំពុងព្យាយាមស្តារចរន្តអគ្គិសនី នៅទូទាំងប្រទេស បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសនេះ ទទួលរងការទម្លាក់គ្រាប់បែកដ៏ធ្ងន់បំផុតពីរុស្ស៊ី។ យោធាអ៊ុយក្រែនបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែនពីខាងជើងទៅខាងត្បូង គឺស្ថិតនៅក្រោម ការវាយប្រហារឥតឈប់ឈរ ដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរុស្ស៊ី។
នៅក្នុងសុន្ទរកថារបស់ ប្រធានាធិបតីអ៊ុយក្រែន កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា បាននិយាយថាមនុស្សជាង ១០លាននាក់ នៅក្នុងប្រទេសនេះកំពុងរស់នៅ ដោយគ្មានអគ្គិសនីនៅពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ត្រជាក់ខ្លាំង។ នៅកន្លែងខ្លះ អាជ្ញាធរបានបញ្ជាឱ្យផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់។
ទីភ្នាក់ងារ អង្គការសហប្រជាជាតិនិយាយថា វិបត្តិមនុស្សធម៌ ដ៏ធ្ងន់ធ្ងរកំពុងកើតឡើង ក្នុងប្រទេសអ៊ុយក្រែន ខណៈដែលមនុស្សរាប់លាននាក់ ទទួលរងការដាច់ចរន្តអគ្គិសនី ជាញឹកញាប់នៅពេលដែលរដូវរងា ដ៏ត្រជាក់របស់ប្រទេសចាប់ផ្តើមហើយ។
នៅក្នុងតំបន់ Donetsk កងទ័ពរុស្ស៊ីត្រូវបានពង្រឹងដោយកងកម្លាំងដែលទើបតែដកចេញពីតំបន់ Kherson និងបន្តបាញ់ផ្លោង ទៅលើទីតាំងជាច្រើនទៀត។ យោធាអ៊ុយក្រែនបានបន្ថែមថា កងកម្លាំងរុស្ស៊ីក៏បានវាយប្រហារលើទីក្រុង Balakliya ក្នុងតំបន់ Kharkiv ដែលអ៊ុយក្រែន បានគ្រប់គ្រងឡើងវិញនៅក្នុងខែកញ្ញា និងទីក្រុង Nikopol ដែលជាទីក្រុងនៅម្ខាងទៀតនៃទន្លេ Kakhovka ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កម្លាំងទាហានអ៊ុយក្រែន បានប្រកាសថា បានបាញ់កម្ទេច មីស៊ីលអន្តរទ្វីបរុស្ស៊ី២គ្រាប់ និងកាំជ្រួចមីស៊ីល៥ដើម បាញ់ពីលើអាកាស ព្រមទាំងយន្តហោះគ្មានមនុស្ស បើក Shahed-136 ចំនួន៥គ្រឿងផងដែរ៕ដោយធីរីណា
រូបថត : Vietnamnet.vn