ភ្នំពេញ : លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងទទួលស្គាល់សមាសភាព សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលកម្មវិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
អញ្ជើញអមដំណើរ លោកប្រធាននាឱកាសនោះមាន លោក ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ស.ស.យ.ក. ព្រមទាំងវត្តមានសមាជិក សមាជិកា ស.ស.យ.ក. ទើបបញ្ចូលថ្មី ចំនួន ២៣៧៤ នាក់។
ថ្លែងទៅកាន់អង្គពិធី លោក ហ៊ុន ម៉ានី បានមានប្រសាសន៍កោតសរសើរ អំពីការរីកលូតលាស់ និងអភិវឌ្ឍជាបន្តបន្ទាប់របស់គ្រឹះស្ថានឧត្តមសិក្សាដែលតែងតែចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកត់ក្តៅចំពោះប្អូនៗដែលជាសមាជិក សមាជិកា គ្រឹះស្ថានឧត្តមសិក្សាឯកជននៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដែលសម្រេចចិត្តចូលរួមជាមួយស.ស.យ.ក. ក្នុងការបំពេញបេសសកម្មធ្វើកិច្ចការងារសង្គម និងកាងារស័្មគ្រចិត្តផងដែរ។
សូមបញ្ជាក់ផងដែរថា សមាសភាព សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាដែលត្រូវបានប្រកាសបញ្ចូលនាព្រឹកនេះ រួមមាន សាស្រ្តាចារ្យ និងនិស្សិត ដែលមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៣៤ ៕
ដោយ : សិលា