ភ្នំពេញ៖ អគារសេនាធិការដ្ឋានដ៏ធំស្កឹមស្កៃ ដែលបានលេចរូបរាងឡើងក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស បានកសាងរួចរាល់១០០ភាគរយហើយ ដែលមានទំហំបណ្តោយ៧០ម៉ែត្រ និងទទឹង១៤ម៉ែត្រ កម្ពស់៩ជាន់ សម្រាប់ជាការិយាល័យធ្វើការដល់ថ្នាក់ដឹកនាំ នាយ នាយរង កងរាជអាវុធហត្ថ ជាមួយនឹងការបំពាក់នូវសម្ភារឧបករណ៍ទំនើបៗផងដែរ ។
អ្នកឧកញ៉ា ខូវ សម្បត្តិ ហៅ ម៉េង ស្រេង ក៏បានជួយឧបត្ថម្ភដល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនូវទឹកប្រាក់ចំនួន១.៧៥០.០០០ដុល្លារ ក្នុងការកសាងសំណង់អគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានអគារសេនាធិការដ្ឋានដ៏ខ្ពស់ប្រណីត ស្កឹមស្កៃ ដែលបានបង្ហាញពីកាយវិការសប្បុរស និងជួយដល់ការអភិវឌ្ឍរីកចម្រើន សម្រាប់កងកម្លាំងប្រដាប់អាវុធ ។
គួររំលឹកថា អគារសេនាធិការដ្ឋានដ៏ស្កឹមស្កៃលេចរូបរាងឡើងក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺកើតឡើង ដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគៀងគរ ស្វះស្វែងរកជំនួយឧបត្ថម្ភ ពីបណ្តាសប្បុរសជន ដើម្បីជាប្រយោជន៍ ទទួលបាន សំណង់អគារ កន្លែងបំពេញការងារប្រកបដោយភាពរីកចម្រើន និងសក្តានុពល ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា មិនត្រឹមតែបានគិតគូរខ្ពស់ និងសម្រេចកសាងអគារសេនាធិការដ្ឋាន ដ៏ស្កឹមស្កៃរួចរាល់ ជាស្ថាពរមកទល់ពេលនេះប៉ុណ្ណោះទេ គឺលោកបាននឹងកំពុងបន្តការសាងសង់អគារស្នាក់នៅកងអន្តរាគមន៍ ដែលមានទំហំបណ្តោយ៥៦ម៉ែត្រ គុណនឹង១២ម៉ែត្រ កម្ពស់៤ជាន់ ជាមួយនឹងការរៀបចំប្រព័ន្ធលូ ចាក់បេតុងទីធ្លា ដាំដើមឈើ ធ្វើសួនច្បារ របង ។ល។ លោកឧត្តមសេនីយ៍បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារទាំងនេះ នឹងត្រូវដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខេនះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ សុខ ខេមរា