ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែកកើតហេតុនិងម្នាក់ទៀតបានស្លាប់ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកាន។
ករណីករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយត្រាក់ទ័របើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណខាងលើនេះកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវកៅស៊ូខាងជើងស្ពានប្រឡាយគោករំលចម្ងាយ ៥៧.២០ម៉ែត្រ ស្ថិតក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា បុរសដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ បូរ សុផាត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអង្គការប្រាសាក់នៅតាលោ រស់នៅភូមិអន្លុងមាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូ Dream ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-6740 និងអ្នករួមដំណើរឈ្មោះ អ៊ុង សុភារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឆ្នាល់ចាន់ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកាន។
លោកអធិការបន្តថា មុនពេលកើតហេតុគេឮសំឡេងត្រាក់ទ័រតែមិនដឹងមកពីទិសណាទេ ភ្លាមនោះក៏ឮសំឡេងផាំងដូចរន្ទះបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាចេញមកមើលក៏ឃើញបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងបុរសម្នាក់ទៀតរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកាន ។
បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុកដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ដោយឡែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សីលា
...