ខេត្តកណ្តាល៖ យុវជន២នាក់ជាអ្នករស់នៅឯខេត្តតាកែវបានជិះម៉ូតូត្រឡប់មកពីទិញគ្រឿងញៀននៅរាជធានីភ្នំពេញវិញដោយជិះតាមបណ្តោយផ្លូវជាតិលេខ២១B ខណៈជិះដល់ភូមិសាស្ត្រស្រុកស្អាង ក៏ត្រូវសមត្ថកិច្ចនគរបាលចេញល្បាតហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យឈានដល់ឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២កញ្ចប់ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅលើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ស្រុកស្អាង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ។
អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សេន បារាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករផ្សារកោះធំ មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងទី២-ឈ្មោះ វ៉ន ប៊ុនសារ៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករផ្សារកោះធំ មានទីលំនៅភូមិជើងលង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។
ក្នុងប្រតិបត្តិការជាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានធ្វើការរឹបអូសវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាកហុងដា ធុនសេ១១០ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ.ព១-៦៥៦៩៧ ។
លោកវរសេនីយ៍ទោ សេង សុជាតិ បានបន្តថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ក្នុងមានលោកអធិការនគរបាលស្រុកបានណែនាំឲ្យកម្លាំងនគរបាលស្រុកចុះល្បាតតាមគោលដៅងាយរងគ្រោះជារៀងរាល់យប់ និងពេលថ្ងៃ ដើម្បីបង្កាទប់ស្កាត់និងបង្រ្កាបបទល្មើសឲ្យបានទាន់ពេលវេលា ។ ជាលទ្ធផលនៅវេលាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងល្បាតបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ខណៈកំពុងជិះម៉ូតូត្រឡប់មកពីទិញគ្រឿងញៀននៅរាជធានីភ្នំពេញវិញ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ថ្នាំញៀន២កញ្ចប់នេះពួកគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀនមិនស្គាល់អត្តសញ្ញានៅម្តុំសង្កាត់ចាក់អង្រែរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ខណៈជិះមិនទាន់ដល់គោលដៅផងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ៕
ដោយ៖ ស្អាងជ័យ