ខេត្តតាកែវ៖ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ បានទទួលពាក្យបណ្តឹងមួយករណីដែលដូនជីក្រមុំម្នាក់ប្តឹងចោទលោកសង្ឃមួយអង្គថា បានចាប់រំលោភសេពសន្ថវៈនាងរហូតបានសម្រេច៣ដងនៅក្នុងអាស្រមក្នុងវត្ត។
ករណីលោកសង្ឃបួសមិនទាន់ដាច់ធម៌លោកីយ៍នេះ បើតាមពាក្យបណ្តឹងដែលប្តឹងចោទពីដូនជីក្រមុំបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ មានលោកសង្ឃជាប់ធម៌លោកីយ៍ម្នាក់ដែលទើបតែបួសបាន៥ខែ មានឈ្មោះ ខៀវ សុផល ហៅចំរើន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពល្បួងចាប់រំលោភសេពសន្ថវៈលើដូនជីដែលមកបួសលាបំណន់ទើបតែបាន៣ខែម្នាក់ មានឈ្មោះ នាង សោភា អាយុ២១ឆ្នាំ រស់នៅភូមិបឹងត្រាញ់ខាងជើង ស្រុកសំរោង បានសម្រេច៣ដងនៅអាស្រមក្នុងវត្តដែលជនសង្ស័យនិងជនរងគ្រោះមកបួសអាស្រ័យគឺនៅវត្តប្រាង្គអណ្តែត ហៅវត្តរំលេច ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
ក្រោយពីអធិការដ្ឋាននគរបាលស្រុកសំរោងទទួកបានពាក្យបណ្តឹងពីជនរងគ្រោះរួចមកក៏បានចុះទៅធ្វើការស្រាវជ្រាវដល់ក្នុងវត្តកន្លែងកើតហេតុនិងឈានដល់ការឃាត់ខ្លួនលោកសង្ឃដែលជាប់ចោទនោះមកសួរនាំ។
បើតាមចម្លើយសារភាពរបស់លោកសង្ឃអង្គនោះថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈលើដូនជីដូចដែលការប្តឹងចោទនោះមែន។ បន្ទាប់ពីបានទទួលចម្លើយសារភាពហើយកម្លាំជំនាញនៃអធិការដ្ឋាននគរបាលស្រុកបានប្រគល់លោកសង្ឃទ្រុស្តសីលនោះទៅឲ្យការិយាល័យធម្មការស្រុកនិងអនុគណស្រុកធ្វើការផ្សឹកចេញមុននិងចាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យដែលជាប់ចោទពីបទរំលោភសេពសន្ថវៈខាងលើត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី។
ចំពោះករណីលោកសង្ឃរំលោភដូនជីនេះបើតាមមតិប្រជាពលរដ្ឋទូទាំងស្រុកសំរោងភាគច្រើនបានលើកឡើងថា មិនមែនមានតែមួយករណីនេះទេ គឺលោកសង្ឃភាគច្រើនដែលមានឋានៈឬលាភសក្ការៈភាគច្រើនសុទ្ធសិងតែមានជាប់ពាក់ព័ន្ធនិងស្រីញីដែលធ្វើឲ្យអាប់ឱនដល់តម្លៃព្រះពុទ្ធសាសនាដែលពួកគាត់ខំគោរពបូជា៕
ដោយ៖ ជីសូរិកា