ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំ APEC និង G20 ដែលបានបញ្ចប់ទៅកាលពីសប្ដាហ៍មុន។
ថ្លែងក្នុងមាហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកិច្ចប្រជុំ APEC និង G20 ដែលរៀបចំដោយសមាជិកអាស៊ានក្នុងឆ្នាំនេះនឹងជាវិភាគទានដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងមជ្ឈភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកល។
សម្ដេចតេជោ ហ៊ុនសែន ថា៖ «ខ្ញុំក៏សូមអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល APEC ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ»។
គួរឱ្យដឹងផងដែរថា ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រធាន G20 ប្រទេសឥណ្ឌូនេស៊ី និងប្រធាន APEC ប្រទេសថៃ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់មេដឹកនាំទាំងពីរនេះ តែត្រូវបានលុបចោលវិញក្រោយពីក្រុមគ្រូពេទ្យប្រទេសឥណ្ឌូនេស៊ីថាសម្ដេចតេជោមានជំងឺកូវីដ-១៩។
ទោះជាយ៉ាងណាក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានត្រលប់មកប្រទេសវិញនៅថ្ងៃទី១៥ ខែវិច្ឆិកា និងបានតាមដានរួមទាំងពិនិត្យសុខភាពផងដែរ ក្រុមគ្រូពេទ្យកម្ពុជាបានបញ្ជាក់ថាសម្ដេចតេជោ អវិជ្ជមានកូវីដ-១៩ និងអាចបញ្ចប់ការធ្វើចត្តាឡីស័កបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាពិតជាមានមោទនភាព ដែលបានដឹកនាំអាស៊ានចូលរួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដ៏លំបាកនានា ដែលតំបន់ កំពុងជួបប្រទះ ហើយបានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដើម្បីរួមចំណែកជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។ ជាក់ស្តែង ជាមួយនឹងការប្តេជ្ញាចិត្តក្នុងនាមជាប្រធានអាស៊ាន និងការចូលរួមជួយជ្រោមជ្រែងពីសមាជិកអាស៊ាន កម្ពុជាសម្រេចបានភាពជោគជ័យគួរជាទីមោទនៈលើការរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលថ្មីៗ ដោយថ្នាក់ដឹកអាស៊ាន និងដៃគូបានអនុម័តឯកសារ និងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន សំដៅលើកកម្ពស់ចីរភាពបរិយាបន្ន និងភាពធន់របស់អាស៊ានដូចជា៖ ១)សេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីអាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ២)សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ , ៣)សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការកសាងអនាគតមួយ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការជំរុញសហគ្រិនភាពស្ត្រីក្នុងតំបន់អាស៊ាន, ៤)សេចក្ដីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន ។ល។
ដោយ : សិលា