ភ្នំពេញ : បន្ទាប់ពីប្រារព្ធពិធីបើកជាផ្លូវការរួចមក នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤៣។
សម្តេចប្រធានកិច្ចប្រជុំ បានអនុម័តជូនប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ាទាំងអស់ ជាអនុប្រធានកិច្ចប្រជុំពេញអង្គមហាសន្និបាតលើកទី៤៣។ បន្ទាប់មក កិច្ចប្រជុំបានអនុម័តកម្មវិធីសកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៣ និងរៀបវារៈ សម្រាប់មហាសន្និបាតនិងសមាសភាពគណៈប្រតិចូលរួមកិច្ចប្រជុំស្រ្តី សភាវ័យក្មេង និងគណៈកម្មាធិការនានា នៃមហាសន្និបាតអាយប៉ាលើកទី៤៣។
កិច្ចប្រជុំពេញអង្គលើកទី១ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់ឱកាសជូនប្រធានគណៈប្រតិសមាជិកអាយប៉ា មានសភាប្រទេសប្រ៊ុយណេដារូស្សាឡឹម ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងកម្ពុជា ឡើងធ្វើសេចក្តីថ្លែងការណ៍របស់ខ្លួនពាក់ព័ន្ធនឹងមូលបទនៃមហាសន្និបាត។ នៅក្នុងនោះ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការអាយប៉ា ក៏បានឡើងថ្លែងសុន្ទរកថា ផងដែរ។
មហាសន្និបាតអាយប៉ាលើកទី៤៣ ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើងនៅក្រោមមូលបទ “បោះជំហានជាមួយគ្នាដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន”។
បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី១ នេះហើយ មហាសន្និបាតនឹងដំណើរកិច្ចប្រជុំពាក់ព័ន្ធនានាជាច្រើន មានកិច្ចប្រជុំសភាសមាជិកសភាស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មការនយោបាយ គណៈកម្មការសេដ្ឋកិច្ច គណៈកម្មការសង្គម និងកិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) ជាដើម៕
ដោយ : សិលា