ខេត្តមណ្ឌលគិរី៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូ០២គ្រឿងស្ថិតក្នុងសភាពគួរឱ្យសង្ស័យនោះត្រូវមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានចុះប្រតិបត្តិការល្បាតតាមដានអង្កេតស្រាវជ្រាវបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានប្រទះឃើញចាប់ឃាត់ខ្លួនឆែកឆេមានសត្វល្វាចេកព្រៃលាក់នៅក្នុងអាវយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។
ការឃាត់ខ្លួនជនសង្ស័យមានសត្វល្វាចេកលាក់ក្នុងអាវនោះមន្ត្រីបរិស្ថានបានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០២២
ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
នេះបើយោងតាមប្រភពពីផេកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ។
កម្លាំងសមត្ថកិច្ច បានស្ទាក់ចាប់សួរនាំក៏ប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។
ក្រោយឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។
ហើយសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ១- សត្វល្វាចេកចំនួន ៣៩ក្បាល ២- ម៉ូតូម៉ាកវេវ ចំនួន០២គ្រឿងផងដែរ៕
ដោយ ជីវ័ន្ត