ភ្នំពេញ៖ សពតារាកំប្លែង ខាត់ ចំរើន បានរៀបចំពិធីបុណ្យ និងបូជាតាមទំនៀមទម្លាប់ហើយកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះ ។ អ្វីដែលតារាចម្រៀងរូបនេះបន្សល់ទុកឲ្យទស្សនិកជនគឺការចងចាំនូវស្នាដៃល្អៗជាច្រើន ហើយមុននេះ អ្នកនាង ខាត់ សុឃីមជាបងក៏បានលើកឡើងដែរថា នៅមានស្នាដៃមួយដែល ប្អូនប្រុសអ្នកនាងបន្សល់ទុកមិនទាន់បានបញ្ចេញ។
កន្លងទៅនេះទស្សនិកជនបានបង្ហាញការភ្ញាក់ផ្អើល និងចូលរួមសោកស្តាយជាពន់ពេក ពេលទទួលបានដំណឹងនៃការទទួលមរណភាពរបស់លោកខាត់ចំរើន និងបានចាត់ទុកថាជាការ ការបាត់បង់ធនធានសិល្បករដ៏មានទេពកោសល្យ និងធ្លាប់បានចូលរួមយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសិល្បៈ។ មរណភាពរបស់តារាកំប្លែង ខាត់ ចំរើនព្រោះតែជំងឺប្រចាំកាយក្នុងវ័យ៤០ឆ្នាំ អ្វីដែលកាន់តែស្រណោះអាឡោះអាល័យនោះគឺលោកបន្សល់ទុកនូវកូនប្រុសស្រីកំព្រា៣រូប និងជាអ្វីដែលអ្នកនាង ខាត់ សុឃីមជាបងពិបាកទទួលយកនូវស្ថានភាពនេះព្រោះតែ ២ឆ្នាំមុននាងទើបនឹងបាត់បង់ឪពុកជាទីគោរពស្រលាញ់ ហើយពេលនេះមកបាត់បង់ប្អូនប្រុសបណ្តូលចិត្តស្និទ្ធនឹងនាងជាងគេក្នុងចំណោមបងប្អូនប្រុសស្រីទាំង៩នាក់។ នាងបានបញ្ជាក់ដែរថា បញ្ហាជំងឺដែលនាំឲ្យប្អូនប្រុសទទួលមរណភាពទាំងវ័យក្មេងព្រោះតែជំងឺក្រិនថ្លើម និងមានជំងឺប្រចាំកាយថ្មីបន្ថែមមួយចំនួនទៀត ដូចជាឈឺសន្លាក់ បេះដូងរីកជាដើម។ អ្វីដែលធ្វើឲ្យអ្នកនាងមិនអស់ចិត្តត្បិតមុនទទួលមរណភាព២ថ្ងៃ ប្អូនប្រុសរបស់អ្នកនាងនៅតែបន្តបំពេញការងារសិល្បៈជាធម្មតា ពោលគឺចេញច្រៀងរាំកាត់សក់ជាមួយនាងមិនមានអ្វីដែលអាចកក់សម្គាល់បានទេថា លោក ខាត់ចំរើនជាប្អូនឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ អ្នកនាងប្រាប់ថាមុនទទួលមរណភាព២ថ្ងៃនាងនិងលោកខាត់ ចំរើនបានចេញទៅច្រៀងរាំកាត់សក់ក្នុងពិធីមង្គលការមួយជាធម្មតា សុខភាពក៏មិនមានអ្វីប្រែប្រួល ការសម្តែងកំប្លែងក៏បានល្អ ច្រៀងក៏ពិរោះ និងទទួលបាការពេញចិត្តកោតសរសើរច្រើនពីម្ចាស់ដើមការរហូតទទួលបានអាំងប៉ាវពីម្ចាស់ដើមការថែមទៀតផង ។ ទើបតែមុនពេលទទួលមរណភាពមួយថ្ងៃ ប្អូនប្រុសអ្នកនាង ចាប់ផ្តើមធ្វើទុក្ខចុកឆ្អល់មុនចេញច្រៀងរាំនៅតំបន់ស្គន់ខេត្តកំពង់ចាម ហើយត្រូវដឹងបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយក៏មិននឹកស្មានថាប្អូនចាកចេញឆ្ងាយគ្មានលាមួយម៉ាត់ដែរ។ អ្នកនាងទម្លាយដែរថាមុនពេលនេះប៉ុន្មានថ្ងៃនាងនិងប្អូនប្រុសក៏បានធ្វើការថតសម្តែងរួមគ្នាក្នុងនាទីសិល្បៈ”ទ្រព្យលោកពុក” ដែលនាងផលិតបាន៤ សូ ក្នុងនោះលោកខាត់ចំរើនសម្តែងបានយ៉ាងល្អ និងច្រៀងបានយ៉ាងពិរោះប្លែក ។ ការសម្តែងចុងក្រោយសម្រាប់ធ្វើការចាក់ផ្សាយនៅអំឡុងខែធ្នូខាងមុខ ហើយមិនទាន់នឹងបានចាក់ផងប្អូនប្រុសទទួលមរណភាពបាត់ ។ អ្នកនាងថា ស្នាដៃសិល្បៈចុងក្រោយរបស់ប្អូនប្រុសនឹង ត្រូវធ្វើការកាត់ត និងចាក់ផ្សាយក្រោយពិធីបុណ្យចប់សប់គ្រប់ហើយនេះគឺជាអនុស្សាវរីយ៍ដែលនាងនឹងប្អូនប្រុសបានសម្តែងរួមគ្នាលើកចុងក្រោយដែលមិនអាចបំភ្លេចបាន។ នាងថាប្អូនបានទទួលមរណភាពដោយមិនស្ងប់ចិត្តត្បិតកូនៗនៅតូច តែយ៉ាងណាងនាងក៏បានសន្យាដែរថា នឹងមើលថែ និងឲ្យក្មួយៗ បានរៀនចប់ចុងចប់ដើម និងបួងសួងសុំឲ្យវិញ្ញាណក្ខណ្ឌប្អូនប្រុសធ្វើដំណើរទៅកាន់ទីស្ងប់សុខ៕ ដោយ៖ វឌ្ឍនា