ខេត្តបន្ទាយមានជ័យ៖ ស្ថានីយផូស៊ីលភ្នំកងវ៉ា (Phnom Kong Va Fossil Site) ជាស្ថានីយផូស៊ីលពពួកសត្វសមុទ្រ ដែលក្រុមការងារបានទៅដល់កាលពីឆ្នាំ២០១៨ (រូបទី១៤)។ ភ្នំនេះស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 277482-1508050)។ ភ្នំនេះមានព្រះវិហារនៅខាងលើ និងរូងភ្នំមួយចំនួន។ រូងភ្នំមួយស្ថិតនៅខាងលិចឆៀងខាងត្បូង ព្រះវិហារមានប្រាសាទភ្នំកងវ៉ា នៅក្រៅ និងក្នុងរូងភ្នំដែលកសាងរវាងស.វទី១០-១១គ.ស (រូបទី១៥)។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
ភ្នំកងវ៉ជា ប្រភេទភ្នំថ្មកំបោរមានលាយដី ដែលចាក់បង្គរជាស្រទាប់ៗ។ យោងតាមផែនទីភូគព្ភសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា មានអក្សរសំគាល់ PLS មានអាយុកាល (២៩៨,៩-២៥១,៩លាន ឆ្នាំ) ក្នុងសម័យកាល Permian (ភ័រមៀន) ដែលស្ថិតនៅក្នុង ស័ក Paleozoic (ភេលាអូហ្សូអ៊ីក)១៣ ។ ថ្មកំបោរបានចាក់បង្គរជាស្រទាប់ៗ ភ្នំនេះមានកម្ពស់៧០ម៉ែត ធៀបនឹងនីវ៉ូទឹកសមុទ្រ។ មានស្លាកស្នាមដោលឡើងនៃស្រទាប់ផែនដី ដែលមានមុំ ចន្លោះ១៥ ទៅ២០°នៅផ្នែកខាងកើតភ្នំជាផ្នែកដែលដោលឡើង។
យើងរកឃើញ ផូស៊ីលពពួកផ្កាថ្ម (Corals) ជាច្រើនប្រភេទពពួក Crinoids (គ្រីណូអ៊ីត)តិចតួច ពពួក Ammonites (អាម៉ូណាយ) ពពួកខ្យង (Gastropods) ពពួក Brachiopods (ប្រាក្យូផត) ពពួក Bryozoan (ប្រាអូស្យូន) និងប្រភេទសត្វសមុទ្រផ្សេងៗទៀត៕ ដោយ៖សហការី