បុរសម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនដូ​ ដឺប្លឹសមេគង្គរ៉េសុីដិន​ នៅខណ្ឌជ្រោយចង្វាបណ្តាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាមានវិបត្តិអ្វីមួយ​ហើយបានជាសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើអគារខុនដូ​ ដឺប្លឹសមេគង្គរ៉េស៊ីដិន (The Bliss Mekong Residence ) ក្នុងខណ្ឌជ្រោយចង្វា បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង១០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចទីតាំងខុនដូ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
​    សពបុរសរងគ្រោះមាន ឈ្មោះ ឡា គឹមសុង អាយុ៤៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥២២ ជាន់ទី៥ នៃអគារខុនដូខាងលើ និងមានអាសយដ្ឋានផ្ទះលេខ ១៤៣ ផ្លូវលេខ៨០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឮសូរសំឡេងធ្លាក់នៅលើស្មៅចំហៀងខាងជើង នៃអគារខុនដូ ហើយអ្នកក្បែរខាងបានអើតមើលពីបន្ទប់ស្នាក់នៅមកក្រោមក៏ឃើញសពបុរសម្នាក់ទើបតែលោតសម្លាប់ខ្លួន។ ភ្លាមៗនោះ ក៏បានប្រាប់ទៅសន្តិសុខឱ្យនាំគ្នាទៅជួយលើកប្រុងយកទៅសង្គ្រោះ តែជនរងគ្រោះស្លាប់បាត់ទៅហើយ។
​    យោងតាមកាមេរ៉ាសុវត្តិភាពបានបង្ហាញឱ្យឃើញថា បុរសរូបនេះបានចាក់សោបន្ទប់ រួចឡើងទៅលើដំបូលជាន់ទី១២ ដោះស្បែកជើងលោតសម្លាប់ខ្លួន ហើយធ្លាក់ចូលទៅដីទំនាបក្បែរអគារបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។ ចំពោះ មូលហេតុគេពុំដឹងថាបុរសរូបនោះមានវិបត្តិអ្វីនោះទេទេីបបានជាគិតខ្លីដោយលោតសម្លាប់ខ្លួនបែបនេះ។
​     ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទៅលើសព​ រួចបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះខាងលេីពិតជាស្លាប់ ដោយសារការលោតសម្លាប់ខ្លួនប្រាកដមែន​ រួចបានធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print