ខេត្តតាកែវ៖ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះយ៉ាងដូចនេះថា៖ កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់” អ្នកណាក៏នឹកដល់ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ។ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ទាំង១៩ក្រុម ដែលរួមគ្នាផលិតពងទាកូនប្រកបដោយឱជារស។
ជាមួយគ្នានេះ ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ ព្រមទាំងមានការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រេីនថែមទៀត សូមបងប្អូនបន្តរៀបចំញែកពងទាកូនតូច ល្មម និងធំ ឱ្យត្រូវទៅតាមចំណូលចិត្តរបស់អតិថិជន ព្រមទាំងយកចិត្តទុកដាក់លេីរបៀបស្ងោរពងទាកូនផងដែរ ។
លោករដ្ឋមន្ត្រីកសិកម្ម បានគូសបញ្ជាក់ថា៖ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ និងផលិតពងទាកូននៅក្នុងកម្រិតមួយដែលអាចរក្សាបាន ទាំងគុណភាព ទាំងតម្លៃ និងទាំងកេរ្តិ៍ឈ្មោះពងទាកូនឆ្ងាញ់ស្រែរនោងយេីង។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ លោក ឌិត ទីណា ក៏សូមអបអរសាទរកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី ក៏សូមលើកទឹកចិត្តឱ្យបងប្អូនបង្កើនការគិតគូរដល់ការរៀបចំ និងគ្រប់គ្រងផែនការផលិតកម្មឱ្យច្បាស់លាស់ ដេីម្បីកុំឱ្យផលិតលើសពីតម្រូវការទីផ្សារនាំឱ្យតម្លៃធ្លាក់ចុះ។
សូមជម្រាបថា អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន គួរសហការគ្នាចុះផ្សព្វផ្សាយ និងពន្យល់ណែនាំដល់កសិករអ្នកផលិត ឱ្យចេះរៀបចំផែនការផលិតនិងវិភាគអំពីការចំណាយ និងប្រាក់ចំណេញផងដែរ៕ដោយ៖សហការី