[ព័ត៌មានចុងក្រោយ] : សត្វកែះ ញីមួយក្បាលដែលមន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋក្នុងស្រុកសំឡូតបានជួយសង្គ្រោះពីអន្ទាក់របស់ព្រានព្រៃ ឥឡូវនេះបានរួចរស់ជីវិតហើយ !

ចែករំលែក៖

ខេត្តបាត់ដំបង : «សត្វកែះញីមួយក្បាលដែលមន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋក្នុងស្រុកសំឡូតបានជួយសង្គ្រោះពីអន្ទាក់របស់ព្រានព្រៃ ឥឡូវនេះបានរួចរស់ជីវិត និងស្ថិតក្រោមការតាមដានរបស់ ក្រុមជំនាញពេទ្យសត្វរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រោយពីការជួយសង្គ្រោះ។ ប៉ុន្តែជាអុកល កូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតស្លាប់បាត់បង់ជីវិត គួរឱ្យសោកស្តាយ។ រហូតមកដល់ល្ងាចថ្ងៃទី២២ នេះ សត្វកែះញីនេះអាចស៊ីចំណីបាន តិចតួច និងក្រុមពេទ្យសត្វបន្តតាមដានសុខភាព»។ នេះគឺជាការ ថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា មន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅយប់ថ្ងៃទី២២ ខែវិច្ឆិកានេះ ក្រោយពីបានតាមដានការងារនេះជាមួយក្រុមការងារសង្គ្រោះសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង។

លោករដ្ឋលេខាធិការបានសម្តែងការសោកស្តាយដែលកូនសត្វកែះបានរលូតនិងស្លាប់ ក្រោយពីមេរបស់វាបានជាប់អន្ទាក់ និងដេញប្រផាប់ចាប់ប្រភីងពីក្រុមព្រានព្រៃ និងធ្លាក់ពីលើជ្រលងភ្នំ ធ្លោះចង្កោះនិងបាក់ជើង។ «ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋដែលបាន សហការគ្នាជួយសង្គ្រោះសត្វកែះដ៏កម្រនេះ និងសូមថ្លែងអំណរគុណចំពោះក្រុមការងារសង្គ្រោះសត្វព្រៃចម្រុះ និងអ្នកជំនាញពេទ្យសត្វរបស់អង្គការ WA ដែលបានជួយសង្គ្រោះសត្វកែះញី មិនឱ្យស្លាប់បាត់បង់ជីវិតដោយសារតែរងរបួស និងរលូតកូន»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា មុននឹងបន្តថា ក្រុមអ្នកអភិរក្ស បន្តតាមដានបននថែមពីស្ថានភាពសត្វកែះញីបន្ថែមនៅយប់នេះ និងថ្ងៃស្អែក មុននឹងបញ្ជូនមកកាន់ទីតាំងថែរក្សាអភិរក្ស។ 

សូមរំឭកថា សត្វកែះមួយក្បាលនេះត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសនិងប្រជាពលរដ្ឋពីកណ្តាប់ដៃព្រានព្រៃ។ បើតាមលោករដ្ឋលេខាធិការ សត្វកែះគឺជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។ 

ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តដែលមានតំបន់ការពារធម្មជាតិរួមមានខេត្ត ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ ហើយគ្រោងនឹងបន្តទៅកាន់ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង កោះកុង សៀមរាបនិងបណ្តាខេត្តផ្សេងទៀត។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យ បានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋងាកមកស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រះ ជីវៈចម្រុះកាន់តែខ្លាំងព្រមទាំងបានចូលរួមយ៉ាងសកម្មជាមួយមន្ត្រីអភិរក្ស។ ការជួយសង្គ្រោះសត្វកែះនៅខេត្តបាត់ដំបងគឺជាភស្តុតាងស្រាប់ដែលបង្ហាញថាពលរដ្ឋបានចូលរួមជាមួយអាជ្ញាធរសង្គករោះសត្វព្រៃ។ លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់សាធារណជន បញ្ឈប់ការហូបសាច់សត្វព្រៃ និងបញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការបរបាញ់ និងលក់ដូរសាច់សត្វព្រៃ។ សូមកុំជឿថា សំណាកសត្វ ឆ្អឹង សាច់ឬឈាមសត្វព្រៃជួយបំប៉នសុខភាព ឬព្យាបាលជំងឺឱ្យសោះ តែផ្ទុយទៅវិញនាំឱ្យអន្តរាយដល់សុខភាព និងធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិតព្រោះសាច់ ឈាម សំណាកសត្វព្រៃពោរពេញដោយមេរោគ។ 

លោករដ្ឋលេខាធិការបានលើកឡើងថា សូមនិយាយថាទេចំពោះសាច់សត្វព្រៃដើម្បីបញ្ឈប់ការដាក់អន្ទក់ និងបរបាញ់សត្វ ការជយញដូរសត្វព្រៃខុសច្បាប់។ លោកបានលើក ឡើងថា៖«សត្វព្រៃមានតម្លៃជាសកលសម្រាប់បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី។ សត្វព្រៃក៏ជាសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរតាមរយៈទេសចរណ៍ធម្មជាតិដែលជាមាសបៃតងរបស់កម្ពុជា។ ថែរក្សាព្រៃឈើ សត្វព្រៃ នោះគឺជាមូលដ្ឋាន យ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានរួមនឹងដៃគូបាននឹងកំពុងជំរុញលើការបង្កើតមុខរបរ ការងារ បង្កើនប្រាក់ចំណូលជូនពលរដ្ឋសហគមន៍ដែលជាមូលដកឋានគ្រឹះយ៉ាងសំខាន់កាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ ជាមួយគ្នានេះ កម្ពុជាក៏បានឈានជើងដល់របត់ថ្មីដែលអាចរកប្រាក់ចំណូលពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ហេតុដូច្នេះបានជា ការចូលរួមថែរក្សាព្រៃឈើ សត្វព្រៃថ្ងៃនេះគឺសម្រាប់អនាគតដ៏រុងរឿង»៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print