ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តកុងតឺន័រដែលចតនៅចញ្ចេីមផ្លូវចំពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៣ ខែវិច្ឆិកា
ឆ្នាំ២០២២ ត្រង់ចំណុចជិតបុរីអូរឌឹម តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើករថយន្ដកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់ចិញ្ចេីមផ្លូវចតស្ងៀម ។ មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម C125មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AP-9726 ធ្វើដំណើរមកពីក្រោយយ៉ាងលឿន និងមិនប្រយ័ត្នបានបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរ ហោះផ្លោងទៅបុករថយន្ដកុងតឺន័រ និងដួលបោកនឹងថ្នល់បន្ថែមស្លាប់មួយរំពេច ។ ភ្លាមៗភាគីរថយន្តកុងតឺន័រឃេីញសភាពមិនស្រួលក៏បេីករថយន្តគេចចេញពីកន្លែងកេីតហេតុបាត់ស្រមោល ។
សពជនរងគ្រោះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ ដោយបុរសរងគ្រោះមានវ័យខ្ទង់៤០ឆ្នាំ ស្លៀកខោកាប៊យជើងវែង ពាក់អាវឆ្នោតសរលាយខៀវដៃខ្លី។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ធ្វេីការវាស់វែងនិងយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះបន្ទាប់ពីធ្វើកំណត់ហេតុរួចបានដឹកយកទៅ តម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ