ក្រុមមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ខ្សឹបខ្សៀវថា លោកប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់អគារសិក្សា កំពុងត្រូវប៉ាន់ នៅគ្រាដែលបញ្ហាខ្យល់អាកាសកំពុងបោកបក់បណ្តាលឲ្យអគារសាលារៀនដួលរលំ ហើយត្រូវការជួសជុលជាថ្មីឡើងវិញ ។ នៅពេលដែលមានការជួសជុល ពិតជាត្រូវការថវិកា ។ ថវិកាមិនត្រូវទៅតាមគម្រោងនោះទេ ។
ប្រភពបានខ្សឹបថា លោកប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់អគារសិក្សានៃក្រសួងអប់រំ តែងតែដឹកនាំប្រតិភូ ដែលជាមន្ត្រីជំនិតរបស់ខ្លួនចុះទៅពិនិត្យ និងវាយតម្លៃការខូចខាតអគារសិក្សា ដោយសារតែឥទ្ធិពលខ្យល់កន្ត្រាក់ ធ្វើឲ្យរលំបែកបាក់នាគ្រាកន្លងមក ។ អគារសិក្សាដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់មិនតិចជាង១០០ខ្នងនោះទេ នៅទូទាំងប្រទេស ។ តាមសំណើដែលលោកប្រធាននាយកដ្ឋានដាក់ទៅថ្នាក់លើមានទំហំទឹកប្រាក់រាប់ពាន់លានរៀល ដើម្បីសុំយកមកជួសជុលអគារនោះឡើងវិញ ។
នៅទូទាំងប្រទេស មានអគារសិក្សាមិនតិចជាង៤ពាន់ខ្នងនោះទេ ហើយក្នុងមួយឆ្នាំៗ នាយកដ្ឋាននេះបានដាក់សំណើសុំជួសជុលអគារមិនតិចជាង១០០ខ្នងនោះទេ ។ នេះមិនទាន់គិតដល់ការត្រូវជួសជុលអគារដែលខូចខាតដោយខ្យល់កន្ត្រាក់នោះផងទេ ។ គេខ្សឹបថា នៅនាយកដ្ឋាននេះមានរឿងរ៉ាវជាច្រើនទៀត ៕
ដោយ៖ សីលា