ខេត្តព្រះសីហនុ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ លោក បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យសិប្បកម្មកែច្នៃត្រីចំហុយ ជា ធូ នៅឃុំទំនប់រលក ខេត្តព្រះសីហនុ កាលពីរសៀលម្សិលមិញនេះ ដើម្បីស្វែងយល់ពី ការកែច្នៃត្រីចំហុយរបស់សហគ្រាសកែច្នៃផលិតផល ជលផលក្នុងស្រុក។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា សិប្បកម្មកែច្នៃត្រីចំហុយ ជា ធូ បានទទួលការ គាំទ្រផ្នែកសម្ភារ និងបច្ចេកទេសពីគម្រោង CAPFish CAPTURE ដែលអនុវត្តដោយរដ្ឋបាលជលផល និងអង្គការយូនីដូ ក្រោមសហហរិញ្ញប្បទានរបស់សហភាពអឺរុប។
លោក ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម គាំទ្រភាពជាដៃគូរវាងរដ្ឋ និងអង្គការនានា ដើម្បីបង្កើនប្រាក់ចំណូល និងជួយឱ្យផលិតផលកែច្នៃក្នុងស្រុកអាចផលិតបានតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដើម្បីអាចឈានចូលទីផ្សារទំនើប ។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ លោករដ្ឋមន្ត្រីកសិកម្ម ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅខេត្តព្រះសីហនុ និងបានស្តាប់ពី តួនាទី ភារកិច្ច និងបញ្ហាប្រឈមនានា និងបានណែនាំតម្រង់ទិសដល់មន្ត្រីអនុវត្តច្បាប់ ឱ្យមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាបង្រ្គាបបទល្មើស ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលគ្រប់លំដាប់ថ្នាក់ ត្រូវមានទស្សនវិស័យប្រាកដនិយម ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីឱ្យវិទ្យាស្ថានដំណើរការប្រកបដោយនិរន្តភាព៕ដោយ៖ស តារា