ថ្ងៃនេះ ខួប១៧ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ចែករំលែក៖

(ភ្នំពេញ)÷ថ្ងៃនេះ ខួប ១៧ឆ្នាំ នៃការដាក់ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ (២៥វិច្ឆិកា ឆ្នាំ២០០៥-២៥វិច្ឆិកាឆ្នាំ២០២២)។

ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពី ស.វទី១ មកម្ល៉េះ។ គេឃើញមានការសម្តែងល្ខោនស្បែកធំនេះ ក្នុងពិធីបុណ្យធំៗ ជាពិសេសនៅខេត្តសៀមរាបអង្គរ ដូចជាការបួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ពិធីបុណ្យសុំទឹកភ្លៀង បុណ្យចំរើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមានមហាជនច្រើនកុះករចូលរួម។

សិល្បៈល្ខោនស្បែកធំ ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីរបស់មនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។

រូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វធំៗ ដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបានគេហាលឲ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយធាតុផ្សំ ដែលបានមកពីសម្បកដើមកណ្ដោល។ ក្រោយពីឆ្លាក់ និងលាបពណ៌រួច គេយកវាចងភ្ជាប់នឹងបន្ទះឬស្សីពីរដើម ដើម្បីឲ្យគេអាចកាន់ និងបង្វិលផ្ទាំងរូបនោះ នៅពេលសម្តែង។

ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះ ទៅលើផ្ទាំងក្រណាត់ស នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។ 

...

បច្ចុប្បន្ននេះ គេយកអំពូលអគ្គីសនី ឬប្រើម៉ាស៊ីន LCD Projector ដើម្បីបញ្ចាំងស្រមោលផ្ទាំងស្បែកឲ្យទៅប៉ះនឹងផ្ទាំងក្រណាត់ស។ ការសម្តែងសិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគំភ្លេងខ្មែរដូចជា វង់ភ្លេងពិណពាទ្យ និងការនិទានរឿង ឬពោលប្រាប់រឿង។ ការប្រគំវង់ភ្លេង និងពោលប្រាប់រឿងបែបនេះ ធ្វើឲ្យបរិយាកាសនៃការសម្តែងកាន់តែមានភាពរស់រវើកស្រស់ត្រកាល និងកាន់តែជាទីចាប់អារម្មណ៍ពីទស្សនិជន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print