រឹតចំណងមិត្តភាព“ដែកថែប”រវាងចិននិងកម្ពុជាឱ្យកាន់តែរឹងមាំ

ចែករំលែក៖

ភ្នំពេញ : ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា, លោកឯកអគ្គរដ្ឋទូតចិនបានអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន-កម្ពុជាលើកទី២។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា, នាថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២២ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីឌីអូ នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន-កម្ពុជាលើកទី២ ដែលគាំទ្រដោយសារព័ត៌មានចិនECONOMIC DAILY និងរៀបចំដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី(Asian Vision Institute)និងបណ្ដាញអ៊ីនធើណេតចិនChina Economic Network។ លោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោក Zheng Qingdong ប្រធានសារព័ត៌មានចិនECONOMIC DAILYអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ។

នៅក្នុងសុន្ទរកថារបស់ លោកឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជាបានបន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយចំណងមិត្តភាព“ដែកថែប”មានភាពកាន់តែរឹងមាំ។ ចាប់តាំងពីដើមឆ្នាំនេះមក លោកប្រធានាធិបតីចិន Xi Jinping បានសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាដោយជោគជ័យ ធ្វើឱ្យជំនឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយនៃប្រទេសទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទទួលបានលទ្ធផលផ្លែផ្កាច្រើនអនេក ហើយកម្លាំងជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាកាន់តែរឹងមាំ។

លោកឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថា សមាជគណបក្សកុម្មុយនីស្តចិនលើកទី២០បានលើកឡើងអំពីទំនើបភាវូបនីយកម្មបែបចិន បានរួមចំណែកជាប្រាជ្ញាចិននិងដំណោះស្រាយចិនសម្រាប់ការអភិវឌ្ឍន៍វឌ្ឍនភាពសម្រាប់មនុស្សជាតិនិងការដោះស្រាយបញ្ហាទូទៅដែលមនុស្សជាតិប្រឈមមុខជាមួយ។ ភាគីចិននឹងបន្តជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់និងការបើកចំហកម្រិតខ្ពស់ ចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសលើពិភពលោក។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ប្រកាន់ខ្ជាប់នូវអទិភាពនៃការអភិវឌ្ឍន៍ បង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់និងផ្លូវ” និងរួមចំណែកថ្មីកាន់តែធំធេងក្នុងការរួមគ្នាជំរុញសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

លោក Zheng Qingdong បានលើកឡើងថា ចិននិងកម្ពុជាប្រឈមនឹងភារកិច្ចដូចជា កំណែទម្រង់ស៊ីជម្រៅ ពង្រីកការបើកចំហ និងការធ្វើឱ្យរចនាសម្ព័ន្ធឧស្សាហកម្មកាន់តែប្រសើរឡើង សុទ្ធតែរួមជាកម្លាំងក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ចាំបាច់ត្រូវយកការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មឱ្យស៊ីជម្រៅជាចំណុចដ៏សំខាន់ រួមគ្នាស្វែងរកការអភិវឌ្ឍន៍។

លោក សុក ស៊ីផាន់ណា មានប្រសាសន៍ថា កម្ពុជាស្រឡាញ់និងថែរក្សាចំណងមិត្តភាពជាពិសេសនិងភាពជាដៃគូជាមួយចិន។ ជឿជាក់ថាកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនអភិវឌ្ឍន៍ និងនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។

លោក សួស យ៉ារ៉ា បានបង្ហាញថា ទំនាក់ទំនងរវាងកម្ពុជា-ចិនស្ថិតក្នុងចំណុចដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាបើកចំហនិងមានលក្ខណៈស្ថាបនា ពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ។ ដោយសារទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិន កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ។

ភ្ញៀវកិត្តិយសទាំងពីរប្រទេសដែលចូលរួមក្នុងកម្មវិធីខាងលើបានពិភាក្សាគ្នាតាមប្រព័ន្ធវិឌីអូដោយក្រោមប្រធានបទដូចជា“គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលលោកក្នុងយុគសម័យថ្មី”“ការផ្ទៀងផ្ទាត់គោលនយោបាយក្នុងការកសាងរួមគ្នានូវខ្សែក្រវាត់និងផ្លូវដែលមានគុណភាពខ្ពស់”និង“បច្ចុប្បន្នភាពនិងចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្រោមក្របខណ្ឌ RCEP” ពួកគាត់មានការយល់ឃើញដូចគ្នាថាចំណងមិត្តភាពចិន-កម្ពុជារឹងមាំដូចថ្ម ការរៀបចំសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០កន្លងមកនេះផ្តល់ជាឱកាសថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានឹងមានភាពត្រចះត្រចង់នាពេលអនាគត៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print